ព័ត៌មានអន្តរជាតិ

រុស្ស៊ី បង្ហាញឆន្ទៈបន្ដទំនាក់ទំនង ជាមួយលោកខាងលិច

ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov កាលពីថ្ងៃអង្គារបានសម្តែង ការត្រៀមខ្លួនរបស់ប្រទេសលោក ក្នុងការបន្តទំនាក់ទំនងជាមួយលោកខាងលិច ដោយឈរលើមូលដ្ឋានស្មើភាពគ្នា ប៉ុន្តែមានការសង្ស័យពីឆន្ទៈ របស់លោកខាងលិចក្នុងការជួប ជាមួយរុស្ស៊ីពាក់កណ្តាលផ្លូវ។

លោក Lavrov បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយ ជាមួយរុស្ស៊ីថា “យើងនៅតែបើកចំហ ចំពោះទំនាក់ទំនង ប៉ុន្តែដោយឈរលើមូលដ្ឋានស្មើភាពគ្នា និងដោយមានការពិចារណាជា ចាំបាច់អំពីផលប្រយោជន៍របស់រុស្ស៊ី ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពនៅអឺរ៉ុប និងតំបន់ Euro-Atlantic និងកាត់បន្ថយហានិភ័យ នុយក្លេអ៊ែរក្នុងរយៈពេលវែង” ។

លោកបានសង្កត់ធ្ងន់ថា “លក្ខខណ្ឌចម្បងនៅទីនេះ គឺដើម្បីឱ្យលោកខាងលិច បោះបង់គោលនយោបាយឈ្លានពាន និងអរិភាពរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ លោកខាងលិច មិនមានឆន្ទៈក្នុងការធ្វើកិច្ចការនេះ ឬចាប់ផ្តើមកិច្ចសន្ទនាស្ថាបនាជាមួយយើងនោះទេ ប៉ុន្តែផ្ទុយទៅវិញកំពុងសម្លឹងមើលជាប្រចាំ សម្រាប់មធ្យោបាយថ្មីក្នុងការទប់ស្កាត់រុស្ស៊ី”។

លោក Lavrov បានកត់សម្គាល់ថា រុស្ស៊ីបានចេញម្តងហើយម្តងទៀត នូវគំនិតស្ថាបនា និងសំណើ ដែលមិនមានលក្ខណៈនយោបាយ សម្រាប់ការដោះស្រាយបញ្ហាអន្តរជាតិសំខាន់ៗ រួមទាំងគំនិតផ្តួចផ្តើមឆ្នាំ២០២១ របស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក្នុងការផ្តល់ឱ្យរុស្ស៊ីនូវការធានាសន្តិសុខ ស្របច្បាប់ក្នុងទិសដៅលោកខាងលិច។

លោកបានបន្ថែមថា “ទោះជាយ៉ាងណាក៏ដោយ វ៉ាស៊ីនតោន និងទីក្រុងប្រ៊ុចសែល បានព្រងើយកន្តើយ ចំពោះពួកយើង ឬមានប្រតិកម្ម ចំពោះគំនិតផ្តួចផ្តើមនេះដោយអវិជ្ជមាន” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top