ព័ត៌មានជាតិ

គិតត្រឹមឆ្នាំ២០២២ អាយុរំពឹងរស់ សម្រាប់ប្រជាជនកម្ពុជា ម្នាក់ៗ គឺ ៧៦ឆ្នាំ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០២១-២០២២ អាយុរំពឹងរស់របស់ប្រជាជនកម្ពុជា ម្នាក់ៗ បានកើនឡើងដល់ ៧៦ឆ្នាំ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួម របស់ក្រសួងសុខាភិបាល និង WHO។

នាឱកាសទិវាសុខភាពពិភពលោក នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា និង WHO បានបង្ហាញសមិទ្ធផលជោគជ័យ វិស័យសុខាភិបាល គួរឱ្យកត់សម្គាល់ជាច្រើន ដែលសម្រេចបាននៅកម្ពុជា ដើម្បីអបអរសាទរគម្រប់ខួបលើកទី៧៥ នៃការបង្កើត WHO នាឆ្នាំ១៩៤៨។

ក្នុងសេចក្តីប្រកាសព័ត៌មានរួម បានឱ្យដឹងទៀតថា កម្ពុជា វាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់បុគ្គលិកថែទាំ សុខភាពសហគមន៍ និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ សហគមន៍ និងប្រជាជនកម្ពុជាទាំងអស់ ដែលបានសហការជាមួយអង្គការសុខភាពពិភពលោក និងដៃគូសុខាភិបាលជាច្រើនផ្សេងទៀត ក្នុងការចូលរួមចំណែកធ្វើឱ្យប្រជាជន កម្ពុជាកាន់តែមានសុខសុវត្ថិភាព និងសុខភាពល្អប្រសើរ។

កម្ពុជា ក្នុងនាមជារដ្ឋសមាជិកដ៏សកម្មរបស់អង្គការសុខភាពពិភពលោក កម្ពុជាប្តេជ្ញាចិត្ត យ៉ាងមុតមាំក្នុងការលើកកម្ពស់ និងគាំពារសុខភាពសាធារណៈ និងសមធម៌សុខាភិបាលនៅក្នុងប្រទេស ក៏ដូចជានៅ ជុំវិញពិភពលោក ហើយយើងពិតជាមានមោទនភាពយ៉ាងក្រៃលែងដែល “យើងគឺជាអង្គការ WHO”។

ក្នុងសេចក្ដីប្រកាសព័ត៌មានរួម បានបញ្ជាក់ថា «ប្រទេសកម្ពុជា សម្រេចបាននូវសមិទ្ធផលសុខភាពគួរឱ្យកត់សម្គាល់ជាច្រើន នៅក្នុងរយៈពេលប៉ុន្មានទសវត្សកន្លងមកនេះ ដោយបានសង្គ្រោះអាយុជីវិតប្រជាជន និងធ្វើឱ្យសុខភាពរបស់ប្រជាជនកាន់តែប្រសើរឡើង។ អាយុរំពឹង រស់បានកើនឡើងជាលំដាប់នៅក្នុងប្រទេសកម្ពុជា ហើយគិតត្រឹមឆ្នាំ២០២១-២០២២ អាយុរំពឹងរស់សម្រាប់ប្រជាជនម្នាក់ៗគឺ ៧៦ឆ្នាំ»៕

To Top