បរទេស៖ សារព័ត៌មាន Politico បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីចិន Xi Jinping មិនត្រូវបានផ្លាស់ប្តូរ ដោយវោហាសាស្ត្រ របស់សមភាគីបារាំងគឺលោក Emmanuel Macron ស្តីពីជម្លោះនៅអ៊ុយក្រែន នោះទេ។ ទីក្រុងប៉ារីសបានព្យាយាមទាំងការអំពាវនាវផង និងការគម្រាមកំហែងផង ក្នុងគោលបំណងដាក់សម្ពាធ ទីក្រុងប៉េកាំង ឱ្យបរិហារទីក្រុងមូស្គូ ប៉ុនែ្តអ្វីដែលមើលឃើញ វាហាក់ដូចជាមានផល ប៉ះពាល់តិចតួច ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Macron បានប្រាប់លោក Xi ថា “ខ្ញុំដឹងថា ខ្ញុំអាចពឹងផ្អែកលើអ្នក ក្នុងការនាំប្រទេសរុស្ស៊ីឱ្យយល់ស្រប និងមនុស្សគ្រប់គ្នាទៅកាន់តុចរចា” ។ មុននេះ លោក Macron បានប្រាប់អ្នកយកព័ត៌មាន បារាំងថា «អ្នកណាដែលជួយអ្នកឈ្លានពាន នឹងជាអ្នកសមគំនិតក្នុងការបំពានច្បាប់អន្តរជាតិ»។
លោក Xi បានឆ្លើយតបដោយនិយាយថា ប្រទេសចិន “មានឆន្ទៈក្នុងការអំពាវនាវរួមគ្នាជាមួយបារាំងទៅកាន់សហគមន៍អន្តរជាតិឱ្យរក្សាភាពសមហេតុផល និងស្ងប់ស្ងាត់” ហើយបានលើកឡើងម្តងទៀត នូវជំហររបស់ទីក្រុងប៉េកាំងចំពោះជម្លោះនេះ។
លោកបានប្រាប់អ្នកយកព័ត៌មាន នៅមហាសាលប្រជាជនថា “កិច្ចចរចាសន្តិភាពគួរតែត្រូវបានបន្តឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយគិតគូរពីកង្វល់សន្តិសុខសមហេតុផល នៃភាគីទាំងអស់ដោយយោងទៅលើធម្មនុញ្ញអង្គការសហប្រជាជាតិ។ ស្វែងរកដំណោះស្រាយនយោបាយ និងបង្កើតក្របខ័ណ្ឌសន្តិសុខអឺរ៉ុប ប្រកបដោយតុល្យភាព ប្រសិទ្ធភាព និងនិរន្តរភាព” ។
លោក Macron បានល្មើសនឹងពិធីការដោយនិយាយស្ទើរតែពីរដងដែលវែងដូចលោក Xi ហើយបានងាកទៅរកការទាមទារឱ្យចិនថ្កោលទោស “សង្រ្គាមដែលធ្វើដោយរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន” ។ យោងទៅតាម Politico លោក Xi “មើលទៅមិនបានអត់ធ្មត់ និងមានអារម្មណ៍ថា រំខាន” នៅពេលដែល Macron និយាយ ហើយលោក “ដកដង្ហើមធំជាច្រើនដង” នៅពេលលើកឡើងអ៊ុយក្រែន៕
ប្រែសម្រួលៈ ណៃ តុលា