ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC និងសមាគមឧកញ៉ាកម្ពុជា បានប្ដេជ្ញាធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគក្នុងប្រទេសកម្ពុជា ជួយដល់សេដ្ឋកិច្ចជាតិ នឹងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជា កាន់តែច្រើនបន្ថែមទៀត។
ក្នុងកិច្ចប្រជុំជាមួយ សមាគមឧកញ៉ាកម្ពុជា កាលពីសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានថ្លែងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា នឹងធ្វើសកម្មភាពរួមគ្នា ក្នុងភាពជាដៃគូ ជំរុញកំណើនវិនិយោគនៅស្រុក និងទាក់ទាញវិនិយោគបរទេស ដើម្បីកម្ពស់ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។
លោកបន្តថា សមាគមឧកញ៉ាកម្ពុជា គឺជាដៃគូថ្មីមួយបន្ថែមទៀត ក្នុងការជួយដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទាក់ទាញវិនិយោគិនបរទេស និងពង្រីកកំណើនវិនិយោគនៅកម្ពុជា។ លោកបានឱ្យដឹងថា ក្នុងជំនួបដែលធ្វើជាលើកដំបូងនេះ ភាគីទាំងពីរបានពិនិត្យទៅលើកិច្ចការ ដែលត្រូវធ្វើជាមួយគ្នា ក្នុងការផ្តើមជំរុញលើកកម្ពស់វិស័យពាណិជ្ជកម្ម និងវិនិយោគ ។ ហើយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងរៀបចំនូវសេចក្តីព្រាង អនុស្សារណៈ ដែលមានបញ្ជាក់ពីគោលបំណងនៃកិច្ចសហប្រតិបត្តិការ ដែលភាគីទាំងពីធ្វើរួមគ្នា ដើម្បីផ្សព្វផ្សាយទាក់ទាញវិនិយោគិន។
លោក លើកឡើងថា កន្លងមក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើការជាមួយវិស័យឯកជនជាច្រើន ដូចជាសភាពាពិជ្ជកម្មកម្ពុជាជាដើម ប៉ុន្តែកិច្ចការដែលគ្រោងធ្វើជាមួយសមាគមឧកញ៉ា នៅពេលខាងមុខ នឹងមិនជាន់គ្នាជាមួយសភាពាណិជ្ជកម្មកម្ពុជានោះទេ ពោលគឺអ្វីដែលត្រូវធ្វើបន្ទាប់ គឺសកម្មភាពដែលដូចគ្នានឹងសភាពាណិជ្ជកម្មឡើយ ។
លោក បន្ថែថា វត្តមានសមាគមឧកញ៉ាកម្ពុជា មានសារៈសំខាន់ណាស់ ក្នុងការជួយទាក់ទាញវិនិយោគិនបរទេស ព្រោះជាទូទៅអ្នកវិនិយោគពីបរទេស ដែលមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា តែងតែជួបជាមួយស្ថាប័នរដ្ឋ ស្ថានទូតរបស់គេ ប៉ុន្តែក្នុងនោះគេក៏ចង់ជួបជាមួយធុរជនក្នុងស្រុកដែរ ដើម្បីស្វែងយល់ ឬសហការគ្នា។
នាឱកាសនោះ ឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា បានឱ្យដឹងថា តាម ស.ជ.ណ របស់រាជរដ្ឋាភិបាល បានបញ្ជាក់ថា សមាគមឧកញ៉ាកម្ពុជា ស្ថិតនៅក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេស របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហេតុនេះបេសកកម្មរបស់សមាគមនេះ នឹងចូលរួមលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ លោក បន្តថា ក្នុងជំនួបនេះ ដើម្បីជជែកពិភាក្សាគ្នានៅលើយន្តការ ដែលមានរៀបចំផែនការ ថាតើនៅក្នុងឆ្នាំ២០២៣ យើងនឹងធ្វើអ្វី ហើយឆ្នាំបន្តបន្ទាប់ទៀតយើងនឹងធ្វើអ្វីទៀត ក្នុងគោលបំណង ដើម្បីលើកកម្ពុជាពាណិជ្ជកម្ម និងវិនិយោគ៕