ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានអំពាវនាវឱ្យប្រជាពលរដ្ឋ ទាំងអស់បញ្ឈប់ការលក់ ទិញ និងបរិភោគសាច់សត្វព្រៃ ព្រោះសកម្មភាពទាំងនេះ សុទ្ធតែប៉ះពាល់ដល់សត្វព្រៃ និងជីវចម្រុះរបស់កម្ពុជា ។
ក្នុងយុទ្ធនាការអន្ទាក់សូន្យ ក្នុងខេត្តពោធិ៍សាត់ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថាន ជំរុញឱ្យមានការចូលរួមយ៉ាងសកម្ម ពីគ្រប់ស្ថាប័នពាក់ព័ន្ធរួមមាន ថ្នាក់ក្រោមជាតិ និងអាជ្ញាធរខេត្ត ក្នុងការពង្រឹងការអនុវត្តច្បាប់ ដែលគាំទ្រដល់ការការពារសត្វព្រៃ និងលើកទឹកចិត្តដល់សហគមន៍មូលដ្ឋាន ក្នុងការអភិរក្សសត្វព្រៃ ដើម្បីអភិវឌ្ឍន៍អេកូទេសចរណ៍។
លោក រដ្ឋលេខាធិការ បញ្ជាក់ថា « ក្រសួងបរិស្ថានបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការលក់ ទិញ និងបរិភោគសាច់សត្វព្រៃ ព្រោះសកម្មភាពទាំងនេះ សុទ្ធតែប៉ះពាល់ដល់សត្វព្រៃ និងជីវចម្រុះ របស់កម្ពុជា ដែលមានសារៈសំខាន់ជាសាកល ។ នៅពេលដែលអន្ទាក់ត្រូវបានលុបបំបាត់ នោះការសម្លាប់សត្វព្រៃ ក៏ត្រូវបានបញ្ឈប់ដូចគ្នា។ ការលុបបំបាត់ការដាក់អន្ទាក់ ទាមទារឱ្យការប្តេជ្ញាចិត្ត និងការចូលរួមរបស់យើងទាំងអស់គ្នា។ យើងត្រូវរួមគ្នាការពារសត្វព្រៃនៅកម្ពុជា និងការពារប្រព័ន្ធជីវចម្រុះធម្មជាតិ ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអត្ថប្រយោជន៍រយៈពេលវែងពីជំនាន់បច្ចុប្បន្ន តទៅនាពេលអនាគត» ។
នាឱកាសនោះ លោក John Willis នាយកប្រចាំប្រទេស នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានមានប្រសាសន៍ ទៅលើតួនាទីរបស់ព្រៃឈើ ក្នុងការទប់ទល់ទៅនឹងភាពបម្រែបម្រួល អាកាសធាតុ និងអាចជួយទាក់ទាញភ្ញៀវទេសចរណ៍ ។
លោក ថា «អ្នកប្រមាញ់សត្វព្រៃ ដោយការដាក់អន្ទាក់ អាចទទួលបានអត្ថប្រយោជន៍ រយៈពេលខ្លីសម្រាប់ខ្លួនគាត់ ប៉ុន្តែនាំផលវិបាកដល់អ្នកផ្សេងទៀត នៅក្នុងសហគមន៍។ អន្ទាក់ជះឥទ្ធិពលអាក្រក់ ទៅលើប្រាក់ចំណូលពីការលក់ឥណទានកាបូន និងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងរារាំងសកម្មភាពអេកូទេសចរណ៍ ដែលបង្កើតប្រាក់ចំណូលនៅតាមជនបទ» ។
លោក សេង ទៀក នាយកអង្គការ WWF បានមានប្រសាសន៍ថា «អន្ទាក់គឺជាឃាតករលាក់មុខ និងសម្លាប់សត្វព្រៃដោយមិនរើសមុខ ដែលជាការគំរាមកំហែងដល់ការរស់រានរបស់សត្វនិងមនុស្ស។ ដូចនេះ ដើម្បីឲ្យសាធារជនបានយល់ដឹងអំពីវិបត្តិអន្ទាក់នេះ ហើយងាកមកចូលរួមការពារធនធានសត្វព្រៃកម្ពុជា យើងនឹងបន្តសហការរួមគ្នាឲ្យកាន់តែខ្លាំងបន្ថែមទៀតជាមួយក្រសួងបរិស្ថាន និងអង្គការដៃគូទាំងអស់ ក្នុងគោលដៅស្តារធនធានធម្មជាតិឡើងវិញ»។
សូមបញ្ជាក់ថា យុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី២ ដែលកំពុងប្រព្រឹត្តនៅខេត្តពោធិ៍សាត់ ហើយនឹងគ្រោងធ្វើនៅតាមបណ្តាល ខេត្តផ្សេងទៀតដែលស្ថិតនៅភាគនិរតី នៃប្រទេសកម្ពុជា ។ យុទ្ធនាការនេះ បានឆ្លុះបញ្ចាំងអំពីការតាំងចិត្តដ៏មោះមុតដែលមានការចូលរួមពីយើងទាំងអស់គ្នា ក្នុងការលុបបំបាត់អន្ទាក់គ្រប់ប្រភេទ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា បញ្ឈប់ការជួញដូរសត្វព្រៃខុសច្បាប់ រួមជាមួយការបង្កើតនូវមុខរបរផ្សេងៗ សម្រាប់ចិញ្ចឹមជីវិតជំនួសវិញ ដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃសហគមន៍មូលដ្ឋាន៕