ព័ត៌មានជាតិ

ក្រុមការងារបច្ចេកទេស របស់ក្រសួងធនធានទឹក ចុះអន្តរាគមន៍បូមទឹក ជួយសង្រ្គោះស្រូវប្រាំង ចំនួន ៥ភូមិ នៅក្រុងព្រៃវែង ខេត្តព្រៃវែង

ភ្នំពេញ ៖ នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៣ នេះ អនុវត្តនូវបទបញ្ជារបស់លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម ដោយមានការចូលរួមពីលោកសុខ ផេង អ្នកតំណាងរាស្រ្តខេត្តព្រៃវែង មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង និងក្រុមការងារបច្ចេកទេសរបស់ក្រសួង បានចុះអន្តរាគមន៍បូម ទឹកជួយសង្រ្គោះស្រូវប្រាំងចំនួន ១.០៨០ ហិកតា របស់បងប្អូនប្រជាពលរដ្ឋ ចំនួន ០៥ ភូមិ មានទីតាំងនៅចំណុចព្រែកតាតាំ ស្ថិតក្នុងសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។

ដោយសារស្ថានភាព ផ្លូវមានការលំបាក ពុំអាចធ្វើការដឹកជញ្ជូន ម៉ាស៊ីនបូមទឹកចល័តខ្នាតធំចូលទៅបាន នៅពេលនេះក្រុមការងារ បានដាក់គ្រឿងចក្រកាយសម្រួលផ្លូវ នឹងបានបញ្ជូនម៉ាស៊ីនបូមទឹកចល័តកំលាំង ៦៥ សេះ ចំនួន ០២ គ្រឿង ដើម្បីធ្វើការបូមទឹកសង្រ្គោះ ។ តំបន់នេះ ពុំដែលជួបនូវការខ្វះខាតទឹក សម្រាប់ធ្វើការស្រោចស្រពទេ ប៉ុន្តែឆ្នាំនេះ ដោយស្ថានភាពអាកាសធាតុមានការប្រែប្រួល បណ្តាលឲ្យទឹក នៅតាមបឹង ព្រែក អូរធម្មជាតិ និងដៃទន្លេមួយចំនួនមានការរីងគោករាក់ ។

សូមបញ្ជាក់ជូនថា ខេត្តព្រៃវែង តាមផែនការស្រូវប្រាំងត្រូវអនុវត្តក្នុងឆ្នាំ ២០២៣ នេះ មានចំនួន ៧៥.០០០ ហិកតា គិតត្រឹមថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣ នេះ អនុវត្តលើសផែនការរហូតដល់ចំនួន ១១៩.៣៦៩ ហិកតា ស្មើនឹងប្រមាណ ១៦០ ភាគរយ៕

To Top