កំពង់ចាម៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តនាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ណែនាំឲ្យ មន្ត្រីទាំងអស់ត្រូវរួមគ្នាធ្វើការ ដើម្បីឲ្យកម្មវិធីរបស់រាជរដ្ឋាភិបាល អនុវត្តទៅប្រកបដោយជោគជ័យ ក្នុងការបម្រើផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ ។
លោកអភិបាលខេត្ត បានមានប្រសាសន៍បន្តថា រដ្ឋបាលខេត្តកំពង់ចាម ជាស្ថាប័នមួយមានតួនាទី គាំទ្រនិងជំរុញ ឲ្យកម្មវិធីរបស់រដ្ឋាភិបាល អនុវត្តទៅប្រកបដោយជោគជ័យ និងទទួលបានការសាទរពីប្រជាពលរដ្ឋ ។ ដូច្នេះ មន្ត្រីយើងត្រូវខិតខំប្រឹងប្រែងទាំងអស់គ្នា ប្រកបដោយភាពស្មោះត្រង់ ក្នុងការបំពេញនូវកាតព្វកិច្ចរបស់ខ្លួន ។
សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត មានរបៀបវារៈដូចខាងក្រោម ៖
ទី១ ៖ ពិនិត្យ និងអនុម័តសេចក្តីព្រាង កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
ទី២ ៖ ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ ប្រចាំត្រីមាសទី១ និងទិសដៅការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម។
ទី៣ ៖ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការ សកម្មភាពការងាររយៈពេលបីខែ (មេសា ឧសភា មិថុនា) ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម។
ទី៤ ៖ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងលើការ ស្នើសុំផែនការក្របខ័ណ្ឌប្រចាំឆ្នាំ២០២៤។
ទី៥ ៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងលើ ការស្នើសុំផែនការក្របខ័ណ្ឌរបស់ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ឆ្នាំ២០២៤ ។
ទី៦ ៖ បញ្ហាផ្សេងៗ ៕