ព័ត៌មានជាតិ

លោក ឃួង ស្រេង ឲ្យស្តារប្រឡាយជើងឯក ឲ្យធំជាងមុន ត្រៀមសម្រាប់រដូវវស្សា

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញមន្ត្រីពាក់ព័ន្ធ ធ្វើការស្ដារប្រឡាយជើងឯក ឲ្យបានលឿន និងបានធំទូលាយ ដើម្បីនាំទឹកចេញពីរាជធានី បានលឿន នៅពេលរដូវវស្សាមកដល់។

ការជំរុញរបស់លោក ឃួង ស្រេង បែបនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ខណៈលោកដឹកនាំអាជ្ញាធរ និងមន្ទីរជំនាញ ចុះពិនិត្យមើលស្ថានភាពប្រឡាយជើងឯក ដើម្បីឲ្យក្រុមការងារធ្វើការកាយភក់ និងពង្រីកតួប្រឡាយឲ្យបានធំ ឲ្យទឹកហូរបានលឿន។

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានលើកឡើងថា ការងារដែលត្រូវអនុវត្តពាក់ព័ន្ធ និងការស្ដារប្រឡាយនេះ មានពេល៤ខែ ពិសេសនៅក្នុងរដូវប្រាំងនេះ ។ រដូវប្រាំង ងាយស្រួល ក្នុងការស្ដារ ក៏ដូចជាពង្រីកតួប្រឡាយឲ្យបានធំ ធ្វើយ៉ាងណា ពេលរដូវវស្សាមកដល់ គឺអាចរុញទឹកចេញពីរាជធានីភ្នំពេញ បានលឿន កាត់បន្ថយបាននូវការលិចលង់ លំនៅឋានប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ។

ជាមួយគ្នានោះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា ប្រឡាយជើងឯកនេះ មានតួនាទីសំខាន់ក្នុងការរំដោះទឹក ចេញពីរាជធានីភ្នំពេញ ដោយហូរចាក់មកស្ថានីយបឹងត្របែក ដែលមានប្រវែងប្រមាណ ១២គីឡូម៉ែត្រ ចាប់ពីស្ថានីបឹងត្របែក ឆ្លងកាត់ខណ្ឌមានជ័យ ខណ្ឌដង្កោ បន្តរហូតដល់ភូមិស្ទឹងជ្រៅ នៅក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

លោក សាំ ពិសិដ្ឋ បន្តថា តាមការណែនាំរបស់លោក ឃួង ស្រេង គឺតម្រូវឲ្យក្រុមការងារធ្វើការស្ដារ និងកាយប្រឡាយនេះ ឲ្យបានទំហំទទឹងចាប់ពី២០ម៉ែត្រទៅ៦០ម៉ែត្រ ទៅតាមស្ថានភាពជាក់ស្ដែង។ ក្រុមការងារត្រូវបន្ត អនុវត្តការងារនេះជាប្រចាំ និងឲ្យរួចរាល់នៅមុនរដូវវស្សាមកដល់ ។ មានន័យថា ពេលរដូវវស្សាមកដល់ ប្រឡាយនេះត្រូវតែដើរតួរយ៉ាងសំខាន់ ក្នុងការរំដោះទឹកចេញពីរាជធានីភ្នំពេញបានល្អ៕

To Top