រ៉ងហ្គូន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ថា យ៉ាងហោចណាស់មនុស្ស 53នាក់ត្រូវបានសម្លាប់ ។ នេះបើយោងតាមអ្នកនៅរស់រានមានជីវិត នៅក្នុងការវាយប្រហារតាមអាកាស ដ៏សាហាវបំផុតមួយដោយយោធាមីយ៉ាន់ម៉ា នៅក្នុងសង្គ្រាមស៊ីវិលដែលកំពុងបន្តកើតឡើង បានបញ្ជាក់ដូច្នេះ ។
ពួកគេបាននិយាយថា អ្នកស្លាប់រួមមានស្ត្រីយ៉ាងហោចណាស់ ១៥នាក់ និងមួយចំនួនជាកុមារ ។ ទូរទស្សន៍ BBC មិនអាចផ្ទៀងផ្ទាត់តួលេខបានទេ ។
ការវាយប្រហារនៅថ្ងៃអង្គារនេះ បានកំណត់គោលដៅភូមិមួយនៅតំបន់ Sagaing ភាគពាយ័ព្យដែលបានប្រឆាំងនឹង រដ្ឋាភិបាលយោធា ។
គេបានដឹងថា យោធាបានប្រើការវាយប្រហារ តាមអាកាសកាន់តែខ្លាំងឡើង លើគូប្រជែងរបស់ខ្លួនចាប់តាំងពីពួកគេ បានកាន់អំណាចក្នុងខែកុម្ភៈ ឆ្នាំ២០២១ ។
សហគមន៍នៅក្នុងខេត្ត Sagaing បានដាក់ការប្រឆាំងខ្លាំងបំផុត មួយចំនួនចំពោះការគ្រប់គ្រង ដោយយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយបង្កើតកងជីវពលផ្ទាល់ខ្លួន និងដំណើរការសាលារៀន និងគ្លីនិកផ្ទាល់ខ្លួនរបស់ពួកគេ ។
អ្នកភូមិម្នាក់បានប្រាប់ដល់ទូរទស្សន៍ BBC ថា យន្តហោះយោធា១គ្រឿង បានហោះពីលើនៅម៉ោងប្រហែល ៧និង០០នាទី ម៉ោងនៅក្នុងស្រុក ហើយបានទម្លាក់គ្រាប់បែក១គ្រាប់ អមដោយកាំភ្លើងបាញ់ពីឧទ្ធម្ភាគចក្រ ដែលបានវាយប្រហារមកលើភូមិអស់រយៈពេល ២០នាទី ។
អ្នកស្រុកបានបង្ហោះវីដេអូ ដែលបង្ហាញពីទិដ្ឋភាពនៃ ការសម្លាប់រង្គាលដ៏គួរឱ្យរន្ធត់ ដោយសាកសពដែលបាក់បែកដេកនៅលើដី និងអគារជាច្រើនត្រូវបានភ្លើងឆេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា