ព័ត៌មានអន្តរជាតិ

Breaking News: នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida ត្រូវគេគប់គ្រាប់បែកផ្សែងដាក់ ក្នុងយុទ្ធនាការស្វែងរកសំឡេងឆ្នោត

បរទេស៖ ការផ្ទុះដ៏ខ្លាំងមួយត្រូវបានគេឮ ក្នុងអំឡុងពេលព្រឹត្តិការណ៍យុទ្ធនាការឃោសនាបោះឆ្នោត របស់នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នៅទីក្រុងកំពង់ផែ Wakayama នៅថ្ងៃសៅរ៍ ដោយបង្កើតភាពចលាចល នៅពេលដែលហ្វូងមនុស្សព្យាយាមភៀសខ្លួន។ នាយក​រដ្ឋមន្ត្រី​ Kishida ត្រូវ​បាន​គេ​ជម្លៀស​ចេញ​ពី​កន្លែង​កើត​ហេតុ​ ដោយ​រាយការណ៍​ថា​មិន​មាន​របួស​ទេ ហើយ​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ ជន​សង្ស័យ​ម្នាក់​ទៅ​ឃុំ​ខ្លួន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ការផ្ទុះមួយបានកើតឡើង នៅម៉ោងប្រហែល ១១ និង ៣០ នាទីព្រឹកម៉ោងក្នុងស្រុក ខណៈដែលនាយករដ្ឋមន្ត្រីជប៉ុន Kishida បានរៀបចំថ្លែងសុន្ទរកថា នៅឯកំពង់ផែនេសាទ Saigasaki ដោយមានបុរសម្នាក់ បានងើបចេញពីហ្វូងមនុស្សហើយបានគប់អ្វីដែលហាក់ដូចជា “គ្រាប់បែកផ្សែង” ឆ្ពោះទៅកាន់ Kishida នេះបើយោងតាមសារព័ត៌មានក្យូដូ។ .

សាក្សីជាច្រើននាក់ដែលត្រូវបានដកស្រង់ ដោយសារព័ត៌មានជប៉ុន NHK រួមទាំងសមាជិកក្រុមប្រឹក្សា ក្រុងក្នុងតំបន់បាននិយាយថា ពួកគេបានឃើញមាននរណាម្នាក់បោះ “វត្ថុប្រាក់រាងស៊ីឡាំង” ភ្លាមៗមុនពេលផ្ទុះ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​បឋម​ថា មិន​មាន​អ្នក​រង​របួស​ទេ។

ការភ័យស្លន់ស្លោ ត្រូវបានគេថតជាប់តាមវីដេអូ ដែលបង្ហាញពីមន្រ្តីប៉ូលីសកំពុងវាយតប់ ជាមួយជនសង្ស័យនៅលើដី ខណៈដែលពួកគេព្យាយាមបង្ក្រាបគាត់។ អ្នក​ឈរ​មើល​ក៏​ត្រូវ​បាន​គេ​ឃើញ ​រត់​គេច​ខ្លួន​គ្រប់​ទិសទី​ចំពេល ​មាន​ភាព​ច្របូកច្របល់។

លោក Kishida មិន​មាន​របួស​នោះទេ ហើយ​ត្រូវ​បាន​ជម្លៀស​ចេញ​ ដោយ​សុវត្ថិភាព​ពី​តំបន់កើតហេតុ, នេះ​បើ​តាម​មន្ត្រី​ជប៉ុន។ មេដឹកនាំរូបនេះបានធ្វើដំណើរទៅកាន់ទីក្រុងកំពង់ផែ ដើម្បីស្វែងរកសំឡេងគាំទ្រ គណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាច ខណៈដែលបេក្ខជនធ្វើយុទ្ធនាការ សម្រាប់ការបោះឆ្នោតជ្រើសរើសអាណត្តិ ដែលនឹងធ្វើឡើងនៅចុងខែនេះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top