ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីប្រេស៊ីលថា អាមេរិក ត្រូវតែបញ្ឈប់ការ លើកទឹកចិត្តឱ្យមានសង្គ្រាមនៅ អ៊ុយក្រែន

បរទេស៖ ប្រធានាធិបតីប្រេស៊ីល លោក Lula da Silva បាននិយាយកាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តគួរតែ ផ្តោតលើការលើកកម្ពស់សន្តិភាព ជាជាងការបញ្ឆេះជម្លោះអ៊ុយក្រែន ដោយការបំពាក់អាវុធដល់ទីក្រុងគៀវ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Lula បានប្រាប់ អ្នកយកព័ត៌មាននៅទីក្រុងប៉េកាំងថា “សហរដ្ឋអាមេរិកត្រូវបញ្ឈប់ការលើកទឹកចិត្តឱ្យមានសង្រ្គាម ហើយចាប់ផ្តើម និយាយ អំពីសន្តិភាព” ។ សហភាពអឺរ៉ុបត្រូវចាប់ផ្តើមនិយាយអំពីសន្តិភាព។

លោកបានបន្ថែមថា ក្នុងការធ្វើដូច្នេះ មេដឹកនាំពិភពលោកប្រហែលជាអាច “បញ្ចុះបញ្ចូល” ទាំងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីអ៊ុយក្រែនលោក វ្ល៉ាឌីមៀ ហ្សេលេនស្គី ថា “សន្តិភាពគឺជាផលប្រយោជន៍របស់ ពិភពលោកទាំងមូល”។

ផ្ទុយ​ទៅ​នឹង​ប្រទេស​លោកខាងលិច​ជាច្រើន ទាំង​ប្រេស៊ីល និង​ចិន​ មិន​បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុង​ម៉ូស្គូ​ទេ បន្ទាប់ពី​ជម្លោះ​នៅ​អ៊ុយក្រែន​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ​មុន។

មុន​ដំណើរ​ទស្សនកិច្ច​នេះ លោក Lula មេដឹកនាំ​ឆ្វេងនិយម​ដែល​បាន​វិល​ត្រឡប់​មក​កាន់​តំណែង​ជា​ប្រធានាធិបតី​ប្រេស៊ីល​វិញ​បន្ទាប់​ពី​ស្នង​តំណែង​ពីលោក Jair Bolsonaro កាល​ពី​ដើម​ឆ្នាំ​នេះ បាន​ស្វែង​រក​ទីតាំង​ខ្លួន​ឯង​ជា​ផ្នែក​មួយ​នៃ​ក្រុម​ដែល​អាច​សម្រុះសម្រួល​ក្នុង​ជម្លោះ។ ទោះជាយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់លម្អិត អំពីលក្ខណៈនៃកិច្ចចរចាបែបនេះ ជាមួយប្រធានាធិបតីចិន Xi Jinping បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេកាលពីថ្ងៃសុក្រនោះទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top