បរទេស៖ ក្រុមរដ្ឋមន្ត្រីការបរទេសនៃប្រទេស G7 នៅថ្ងៃអាទិត្យ បានប្រមូលផ្តុំគ្នាសម្រាប់កិច្ចប្រជុំរយៈពេលបីថ្ងៃ ដើម្បីពិភាក្សាពីបញ្ហាប្រឈម ដែលបង្កឡើងដោយសង្រ្គាមរបស់រុស្ស៊ី នៅអ៊ុយក្រែន និងឥទ្ធិពលពិភពលោក ដែលកំពុងកើនឡើងរបស់ប្រទេសចិន បន្ទាប់ពីបានមកដល់ទីក្រុងរមណីយដ្ឋាន Karuizawa កណ្តាលប្រទេសជប៉ុន តាមរថភ្លើងល្បឿនលឿន។
យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ទីប្រជុំជនដែលត្រូវបានគេស្គាល់ថា ជាកន្លែងសម្រាករដូវក្តៅដ៏ពេញនិយមនោះ បានស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ ដោយមានមន្ត្រីប៉ូលីសដើរជុំវិញកន្លែងប្រជុំ ដែលនឹងធ្វើជាម្ចាស់ផ្ទះ តំណាងមកពីចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក បូករួមទាំងសហភាពអឺរ៉ុបផងដែរ។
កាលពីព្រឹកថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានប្តេជ្ញាថានឹងធានាឱ្យបានថា កិច្ចប្រជុំ G-7 ជាបន្តបន្ទាប់រហូតដល់ខែឧសភា នឹងប្រព្រឹត្តទៅដោយសុវត្ថិភាព បន្ទាប់ពីលោកជាគោលដៅជាក់ស្តែង នៃការវាយប្រហារពាក់ព័ន្ធនឹងគ្រឿងផ្ទុះ ក្នុងអំឡុងពេលដំណើរទស្សនកិច្ច ទៅកាន់ភាគខាងលិចប្រទេសជប៉ុន កាលពីថ្ងៃសៅរ៍ដើម្បីធ្វើយុទ្ធនាការសម្រាប់ ការបោះឆ្នោត។
មុនពេលកិច្ចចរចា រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi បានជួបជាមួយសមភាគីអ៊ីតាលី លោក Antonio Tajani ខណៈដែលប្រទេសទាំងពីរ ទទួលបន្ទុកធ្វើជាប្រធាន G-7 សម្រាប់ឆ្នាំនេះ និងឆ្នាំក្រោយរៀងៗខ្លួន ហើយបានបញ្ជាក់ពីការរួបរួម របស់ក្រុមជុំវិញសង្គ្រាមរុស្ស៊ីលើអ៊ុយក្រែន។
ក្រុមអ្នកការទូតរបស់ G-7 ក៏នឹងពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ នៅក្នុងសកលលោកខាងត្បូង ដែលភាគច្រើន នៅតែមានអព្យាក្រឹតចំពោះជម្លោះនៅអ៊ុយក្រែន ក៏ដូចជាការរំសាយអាវុធនុយក្លេអ៊ែរ និងសន្តិសុខស្បៀង នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលជប៉ុន។ ឯកសារលទ្ធផលត្រូវបានរំពឹងថា នឹងចេញផ្សាយនៅថ្ងៃចុងក្រោយ៕ ប្រែសម្រួលៈ ណៃ តុលា