ព័ត៌មានអន្តរជាតិ

សហគមន៍អន្ដរជាតិ អំពាវនាវឲ្យមានបទឈប់បាញ់នៅស៊ូដង់ ខណៈជម្លោះប្រដាបលអាវុធ កំពុងកើនឡើង

ប៉េកាំង៖ ជម្លោះយោធារបស់ប្រទេសស៊ូដង់ រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) កំពុងបង្កឱ្យមានការព្រួយបារម្ភ យ៉ាងទូលំទូលាយ ពីសហគមន៍អន្តរជាតិ ដោយប្រទេស និងអង្គការអន្តរជាតិជាច្រើនបានអំពាវនាវឱ្យ មានបទឈប់បាញ់ជាបន្ទាន់។

ដោយបាន​ធ្វើ​ឱ្យ​មនុស្ស​យ៉ាងតិច ៥៦​នាក់​ស្លាប់បាត់បង់ជីវីតរួចមកហើយ និង​៥៩៥​នាក់​ផ្សេង​ទៀត​រង​របួស ជម្លោះ​ដែល​បាន​ផ្ទុះ​ឡើង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ និង​បាន​ឈាន​ដល់​ថ្ងៃ​អាទិត្យ​នោះ​នៅ​តែ​មិន​មាន​សញ្ញា​ នៃ​ការ​ធូរស្រាល​ឡើយ ។

អ្នកនាំពាក្យរបស់លោកបានលើកឡើងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃសៅរ៍បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការផ្ទុះឡើងនៃការ ប្រយុទ្ធគ្នារវាងកងកម្លាំងទាំងពីរ។

លោក Stephane Dujarric អ្នកនាំពាក្យបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “អគ្គលេខាធិការអំពាវនាវឱ្យមេដឹកនាំ នៃកងកម្លាំងគាំទ្ររហ័ស និងកងកម្លាំងប្រដាប់អាវុធស៊ូដង់ បញ្ឈប់ជាបន្ទាន់នូវអរិភាព ស្តារភាពស្ងប់ស្ងាត់ និងផ្តួចផ្តើមការសន្ទនា ដើម្បីដោះស្រាយវិបត្តិបច្ចុប្បន្ន” ។

នៅក្នុងកំណត់ចំណាំទៅកាន់ អ្នកឆ្លើយឆ្លងព័ត៌មាន លោក Dujarric បានលើកឡើងថា លោក Guterres បានថ្លែងទៅកាន់ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah al-Sisi និងប្រធានគណៈកម្មការសហភាពអាហ្វ្រិក (AU) លោក Moussa Faki Mahamat អំពីរបៀបកាត់បន្ថយស្ថានការណ៍នេះ។

នៅក្នុងការហៅដាច់ដោយឡែកមួយ លោក Guterres បានជចែកជាមួយមេបញ្ជាការ RSF Mohamed Hamdan Dagalo ដោយអ្នកនាំពាក្យរូបនេះបានបន្ដថា លោក Guterres នឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់លោក រួមទាំងតាមរយៈការនិយាយទៅកាន់ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធស៊ូដង់ Abdel Fattah al-Burhan ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top