ព័ត៌មានអន្តរជាតិ

ចិន ជំរុញឲ្យបញ្ចប់ជម្លោះប្រដាប់អាវុធ ដ៏សាហាវនៅក្នុងប្រទេសស៊ូដង់ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា ប្រទេសចិន អំពាវនាវឱ្យភាគីទាំងពីរ នៃជម្លោះនៅក្នុងប្រទេសស៊ូដង់ បញ្ចប់ការប្រយុទ្ធគ្នា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងទប់ស្កាត់ការកើនឡើង នៃភាពតានតឹងបន្ថែមទៀត។

អ្នកនាំពាក្យបានធ្វើការកត់សម្គាល់ ក្នុងការឆ្លើយតបទៅនឹងសំណួរ ស្តីពីការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធដ៏ខ្លាំងក្លា ដែលបានផ្ទុះឡើងកាលពីថ្ងៃទី១៥ ខែមេសា ម៉ោងក្នុងស្រុករវាង កងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សនៅទីក្រុងកាធុម និងកន្លែងផ្សេងទៀតក្នុងប្រទេស។

ជម្លោះដ៏សាហាវរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) នៅក្នុងរដ្ឋធានីកាធុម បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៦នាក់ និងរបួសជាង ៥៩០ នាក់ ដែលបង្កើនការព្រួយបារម្ភជាអន្តរជាតិ អំពីការកើនឡើងបន្ថែមទៀត។

មេបញ្ជាការកងទ័ពស៊ូដង់ លោកឧត្តមសេនីយ៍ Abdel Fattah Al-Burhan កាលពីថ្ងៃសៅរ៍បានចេញសេចក្តីសម្រេចរំលាយ កងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា RSF នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សេវាស៊ើបការណ៍ទូទៅរបស់ស៊ូដង់ (GIS) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ថា “មេបញ្ជាការកងទ័ពក៏បានសម្រេចចិត្ត បញ្ចប់ការចាត់តាំងមន្ត្រីកងទ័ព នៅក្នុងកងកម្លាំងគាំទ្រយ៉ាង ឆាប់រហ័សរបស់ពួកឧទ្ទាម”  ហើយលោក Al-Burhan ក៏​ជា​ប្រធាន​ក្រុមប្រឹក្សា​អធិបតេយ្យភាព ​នៃ​ប្រទេស​អាហ្វ្រិក​ផង​ដែរ។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យកងទ័ពស៊ូដង់បានប្រកាសថា ស្ថានភាពសន្តិសុខនៅទីក្រុងកាធុម មានស្ថិរភាព បើទោះជាមានសេចក្តីរាយការណ៍ ពីការប៉ះទង្គិចគ្នាជាបន្តក៏ដោយ។

ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​រវាង​កងទ័ព និង RSF បាន​ផ្ទុះ​ឡើង​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ។ គណៈកម្មាធិការវេជ្ជបណ្ឌិតស៊ូដង់ បានឲ្យដឹងនៅព្រឹកថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្ស ៥៦នាក់ ត្រូវបានសម្លាប់ និងជាង ៥៩៥នាក់បានរងរបួស ដោយកត់សម្គាល់ថា ចំនួនអ្នកស្លាប់ និងរបួសជាច្រើននៅតែ មិនទាន់រាប់បញ្ចូលនៅឡើយ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top