ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ មានរៀបចំកិច្ចប្រជុំបូកសរុប លទ្ធផលកិច្ច សហប្រតិបត្តិការ ឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ រវាងបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពល ខេមរភូមិន្ទ ដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជាមួយនឹងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋ សង្គម និយមវៀតណាម ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ឡេ ឌឹកថាយ មេបញ្ជាការបញ្ជាការដ្ឋានកងទ័ព ការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងជំនួបនេះ ភាគីទាំងពីរ បានសម្តែងនូវមោទកភាពចំពោះការរីកចម្រើនជាលំដាប់នៃ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយនឹងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ដោយសម្រេចបាននូវ សមិទ្ធផលផ្លែផ្កាជាច្រើន រាប់ចាប់តាំងពីឆ្នាំ២០០៤ មក។ ជាពិសេស ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ដ៏ល្អនេះ បានឈានឡើងដល់កម្រិតមួយទៀត គឺការចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់ស្តីពីកិច្ច សហប្រតិបត្តិការ រវាងអង្គភាពទាំងពីរ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ដោយក្នុងរយៈកាលកន្លងមកនេះ អនុស្សារណៈនេះ ពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងបន្ថែមទៀត និងលើកកម្ពស់ប្រសិទ្ធភាពនៃការងារ សហការគ្រប់គ្រង និងការពារព្រំដែន ដើម្បីធានាការពារសន្តិសុខ សន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។
ជាក់ស្តែង ទំនាក់ទំនងរវាងការិយាល័យទី២ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងស្នងការស្រាវជ្រាវព័ត៌មាន សន្ដិសុខ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏បានឈាន មកដល់ការបង្កើតយន្តការអចិន្ត្រៃយ៍ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកម្រិតអង្គភាពជំនាញ តាមរយៈការចុះហត្ថលេខា រួមគ្នាលើលក្ខខណ្ឌស្ដីពីកិច្ចសហប្រតិបត្តិការ (ToR) រវាងអង្គភាពទាំងពីរ នៅក្នុងថ្ងៃនេះផងដែរ។
ទន្ទឹមនឹងនេះ ភាគីទាំងពីរ ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការក្នុងរយៈ ពេលពេញ មួយឆ្នាំ២០២២ កន្លងទៅ ដោយក្នុងនេះ កងទ័ពទាំងពីរបានបន្តសហការគ្នាយ៉ាងសកម្មលើការផ្លាស់ប្តូរគណៈប្រតិភូ, ការងារល្បាតទប់ស្កាត់ បទល្មើសឆ្លងដែន, ការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស និងបានជួបប្រជុំពិភាក្សា ដោះស្រាយ ភារកិច្ចការពារព្រំដែនតាមយន្តការគ្រប់កម្រិត ទទួលបានលទ្ធផលល្អប្រសើរ រួមទាំងការបន្តរួមសហការជួយ គ្នាទៅវិញទៅមកយ៉ាងស្អិតរមួតទាំងស្មារតី និងសម្ភារ ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងក្នុងស្ថានការណ៍លំបាកផ្សេងៗ។
លទ្ធផលការងារ ដែលសម្រេចបានមកនេះ ពិតជាបានចូលរួមចំណែកដល់ការរឹតចំណងមិត្តភាពរវាងប្រទេស និងប្រជាជន ទាំងពីរ ក៏ដូចជាការថែរក្សាបាននូវសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខនៅតាម បណ្តោយព្រំដែន ដែលជាការបង្កលក្ខណៈអំណោយផលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម, ទេសចរណ៍ និងជីវភាពរស់នៅ ដោយ សុខសាន្តរបស់ប្រជាជនទាំងសងខាង ស្របតាមទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង”។
សម្រាប់ទិសដៅឆ្នាំ២០២៣ ភាគីទាំងពីរបានឯកភាពលើការបន្តកិច្ចខិតខំប្រឹងប្រែងសហការ អនុវត្តភារកិច្ចស្របតាម ខ្លឹមសារ នៃសេចក្តីថ្លែងការណ៍រួមរវាងប្រទេសទាំងពីរ ឆ្នាំ២០១៩, ពិធីសារស្តីពីកិច្ចសហប្រតិបត្តិការការពារ ជាតិទ្វេភាគីដំណាក់កាល ២០២០-២០២៤ និងផែនការកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ២០២៣ រវាងក្រសួងការពារជាតិនៃ ប្រទេសទាំងពីរ ជាពិសេសការជំរុញអនុវត្តអនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការការពារព្រំដែនគោក រវាងភាគីទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ សំដៅនាំមកនូវការរីកចម្រើនកាន់ តែសកម្មនៃទំនាក់ទំនង រវាងកងទ័ពការពារព្រំដែន នៃប្រទេសទាំងពីរ ដើម្បីធានាបាននូវព្រំដែនសន្តិភាព និងការអភិវឌ្ឍរួម ដោយផ្តោតលើ អាទិភាព មួយចំនួន ដូចជា៖ ការបន្តកិច្ចសហការជួយគ្នាទៅវិញទៅមក ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ -១៩, ការចូលរួមបង្កលក្ខណៈដល់ភារកិច្ចខ័ណ្ឌសីមា និងការបោះបង្គោលព្រំដែនឱ្យបានឆាប់ ចប់ជាស្ថាពរទៅតាមផែន ការការងាររបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ, ការជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធ ប្រឆាំងបទល្មើសឆ្លង ដែនគ្រប់ប្រភេទ, ការគាំទ្រលើការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស, ការបន្តសកម្មភាពផ្លាស់ ប្តូរគណៈប្រតិភូ គ្រប់កម្រិត និងការត្រៀមលក្ខណៈចូលរួមអនុវត្តលំហាត់រួមលើប្រធានបទសង្គ្រោះគ្រោះមហន្តរាយ និងប្រឆាំង បទល្មើសឆ្លងដែននៅតាមបណ្តោយព្រំដែន ស្របតាមគោលការណ៍របស់ក្រសួង ការពារជាតិនៃប្រទេស ទាំងពីរ៕