សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ថា អគ្គសេនាធិការ ចម្រុះរបស់កូរ៉េខាងត្បូង ហៅកាត់ថា (JCS) បានឲ្យដឹងថា ខ្លួនបានបាញ់ព្រមាន និងផ្សព្វផ្សាយការព្រមាន ដើម្បីបណ្តេញ ទូកល្បាតរបស់កូរ៉េខាងជើង ដែលបានបំពានខ្សែបន្ទាត់ព្រំដែនខាងជើង ហៅកាត់ (NLL) ដែលជាព្រំដែនសមុទ្រពិតប្រាកដ នៅម៉ោងប្រហែល១១ព្រឹកថ្ងៃសៅរ៍ ត្រូវនឹងម៉ោង២និង០០នាទីម៉ោងសកល ។
ខាង JCS បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា “យោធារបស់យើងរក្សាជំហរប្រយុទ្ធយ៉ាងម៉ឺងម៉ាត់ ខណៈដែលកំពុងឃ្លាំមើលចលនារបស់សត្រូវក្នុងការរៀបចំសម្រាប់ការបង្កហេតុដែលអាចកើតមានទាក់ទងនឹងការបំពាន មកលើ NLL ដោយទូកល្បាតរបស់កូរ៉េខាងជើង” ។
អគ្គសេនាធិការខាងលើបានឲ្យដឹងទៀតថា នៅក្នុងអំឡុងពេលប្រតិបត្តិការ កប៉ាល់ល្បាតរបស់កូរ៉េខាងត្បូង មួយបាន ចូលធ្វើ ការ “ទំនាក់ទំនង” ជាមួយនាវានេសាទចិន ដែលនៅក្បែរនោះ ដោយសារការមើលឃើញមិនល្អ ដែលបណ្តាល ឱ្យគ្មាន បញ្ហាសុវត្ថិភាព ប៉ុន្តែមានរបួសតិចតួចក្នុងចំណោមនាវិកកូរ៉េខាងត្បូង ។
គេបានដឹងថា ការញុះញង់របស់កូរ៉េខាងជើង បានកើតឡើងនៅគ្រាដែលភាព តានតឹងបានផ្ទុះឡើងជុំវិញ សកម្មភាព យោធារបស់កូរ៉េខាងជើង នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមទាំងការសាកល្បងកាលពីថ្ងៃសុក្រ គឺបាញ់មីស៊ីលផ្លោង អន្តរទ្វីបប្រើឥន្ធនៈរឹងថ្មីមួយ ដែលអ្នកជំនាញបានអះអាងថា នឹងជួយសម្រួលដល់ការបាញ់មីស៊ីល ដោយមានការ ព្រមានតិចតួច ។
គិតចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០មក ក្រុងព្យុងយ៉ាងបានជំទាស់នឹង NLL ដែលត្រូវបានបង្កើតឡើងនៅចុងបញ្ចប់ នៃសង្រ្គាមកូរ៉េឆ្នាំ១៩៥០ដល់១៩៥៣ ដោយបានប្រកែកថា វាគួរតែស្ថិតនៅឆ្ងាយទៅភាគខាងត្បូង ។
គួររំលឹកថា កាលពីខែតុលាកន្លងទៅ កូរ៉េទាំង២ បានដោះដូរការបាញ់ព្រមាននៅក្នុងដែនទឹក ភាគខាងលិច ដោយចោទ ប្រកាន់ គ្នាទៅវិញទៅមកថា បានរំលោភព្រំដែនសមុទ្រនៅក្នុងតំបន់ ដែលការប្រឈមមុខដាក់ គ្នាជាញឹកញាប់ដែលបានកើតឡើង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា