ព័ត៌មានជាតិ

រាជរដ្ឋាភិបាល បន្ដលើកលែងពន្ធប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះ មានតម្លៃក្រោម ឬស្មើ ៧ម៉ឺនដុល្លារ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ដលើកលែងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលន ទ្រព្យ ដែលមានតម្លៃក្រោម ឬស្មើ ៧ម៉ឺនដុល្លារ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ដើម្បីរក្សាស្ថិរភាព នៃវិស័យសំណង់ និងអចលនទ្រព្យ ដែលត្រូវបានចាត់ទុកជាវិស័យ អាទិភាពមួយ ក្នុងការគាំទ្រ ដល់កំណើនសេដ្ឋកិច្ចជារួម, ជាពិសេស បន្តរក្សានិរន្តរភាពការងារជូនកម្មករ ព្រមទាំងលើក កម្ពស់លទ្ធភាព ដល់ប្រជាពល រដ្ឋដែលមានចំណូលទាប និងមធ្យម អាចមានលទ្ធភាពទិញ លំនៅឋានតម្លៃសមរម្យបាន, រាជរដ្ឋាភិបាល បានសម្រេចដាក់ចេញនូវវិធានការបន្ថែម ជាកញ្ចប់ ដូចជា៖ បន្តពន្យារពេលការ អនុវត្តការបង់ពន្ធជា កញ្ចប់តាមដំណាក់ កាលរហូតដល់ដំណាច់ឆ្នាំ ២០២៤ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ជាបុរីដែលបាន និងកំពុង ប្រតិបត្តិការ គម្រោង អភិវឌ្ឍន៍ លំនៅឋានដែលមានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ ផ្តល់ដោយនិយ័តករអាជីវ កម្មអចលនវត្ថុ និងបញ្ចាំ។

សេចក្តីប្រកាសព័ត៌មាន បន្ថែមទៀតថា «រាជរដ្ឋាភិបាល បន្តការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ ប្រភេទដែលមានលក្ខណៈជាបុរីដែលមានតម្លៃក្រោម ឬ ស្មើ ៧ម៉ឺនដុល្លារអាមេរិក រហូតដល់ដំណាច់ឆ្នាំ ២០២៤»។

ប្រភពដដែលបន្ដថា រាជរដ្ឋាភិបាល បានលើកទឹកចិត្ត និងស្នើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ធ្វើការរៀបចំ ឥណទានឡើងវិញ តាមលទ្ធភាពជាក់ស្ដែងរបស់គ្រឹះស្ថាន ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងការព្រមព្រៀងរវាង គ្រឹះស្ថាន និងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរី។

សូមរំលឹកថា កាលពីឆ្នាំ២០២២ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសលើកលែងពន្ធប្រថាប់ ត្រាសម្រាប់អ្នក ទិញផ្ទះ តម្លៃស្មើ ឬក្រោមតម្លៃ ៧ម៉ឺនដុល្លារ រយៈពេល ១ឆ្នាំ ដល់ដំណាច់ឆ្នាំ២០២២ ប៉ុន្តែនៅពេលនេះ រាជរដ្ឋាភិបាល បានសម្រេចបន្តអនុគ្រោះ រហូតដល់ដំណាច់ឆ្នាំ២០២៤៕

To Top