ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន​ ធ្វើការវាយប្រហាររុស្ស៊ី ជាលើកដំបូង ដោយដ្រូនផលិតនៅអាមេរិក

បរទេស៖ យោងតាមការចេញផ្សាយ របស់បណ្តាញសារព័ត៌មានបរទេស មួយចំនួនដែលរួមមានទាំង Mash, SHOT និង RT ផងកាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថា កងកម្លាំងទ័ពអ៊ុយក្រែនបានធ្វើការ ប្រើប្រាស់យន្តហោះដ្រូន UAV ជាលើកដំបូងដើម្បីធ្វើការវាយប្រហារ ទៅលើទឹកដីរបស់ប្រទេសរុស្សី ។

យន្តហោះដ្រូនដែលត្រូវបាន គេជឿជាក់ថា ផលិតដោយក្រុមហ៊ុនអាមេរិក AeroVironment បានហោះចូលក្នុងដែនអាកាស របស់ប្រទេសរុស្សីបានបន្តិចពីទឹកដី អ៊ុយក្រែនមុនពេលដែលវា ត្រូវបានធ្លាក់នៅក្នុងតំបន់ Belgorod ដែលស្ថិតនៅក្បែរព្រំដែន រវាងប្រទេសទាំងពីរ។

ប្រភពដដែលបានបន្តទៀតថា UAV នេះបានធ្លាក់ក្នុងចំងាយត្រឹមតែ ៥០០ម៉ែត្រប៉ុណ្ណោះ ពីបន្ទាត់ព្រំដែនប៉ុន្តែដោយមិនបង្កការខូចខាត ឬប៉ះពាល់និងមានអ្នកស្លាប់បាត់បង់ជីវិត ឬរបួសដល់អ្នកណាម្នាក់នោះដែរ។

គួរឲ្យដឹងដែរថា យន្តហោះដ្រូនប្រភេទនេះត្រូវបាន អាមេរិកផ្តល់ឲ្យអ៊ុយក្រែនប្រមាណជា ៧០០គ្រឿងម៉ូដេល Switchblade និងប្រមាណជា ១៨០០គ្រឿងប្រភេទ Phoenix Ghost Kamikaze ហើយពួកវាអាចមានទំងន់ចាប់ពី ១៥គីឡូក្រាម ឡើងទៅនិងប្រវែងចន្លោះពីកន្លះម៉ែត្រ ជាងមួយម៉ែត្រអាស្រ័យនឹងម៉ូដេល ៕

ប្រែសម្រួល៖ ស៊ុន លី

To Top