ម៉ានីល៖ ប្រធានាធិបតីថ្មី របស់ប្រទេសហ្វីលីពីន លោក Ferdinand Romualdez Marcos បានប្តេជ្ញាថានឹងបង្កើន ការប្រយុទ្ធប្រឆាំង នឹងអំពើហឹង្សានយោបាយ និងការជួញដូរគ្រឿងញៀនខុសច្បាប់ ដោយថាបញ្ហាទាំងពីរ គឺជាការគំរាមកំហែងដ៏ធំបំផុត ចំពោះសន្តិភាព និងសណ្តាប់ធ្នាប់របស់ប្រទេសលោក ។
ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយសមាជិកក្រុមប្រឹក្សាសន្តិភាព និងសណ្តាប់ធ្នាប់ថ្នាក់ជាតិ និងតំបន់នៅវិមានប្រធានាធិបតី លោក Marcos បានកត់សម្គាល់ថា ឧប្បត្តិហេតុហិង្សាបានកើតឡើងបន្ទាប់ពីការបោះឆ្នោតកាលពីឆ្នាំមុន ហើយប្រជាជនគិតថា ស្ថានភាពកាន់តែអាក្រក់ទៅៗ។
លោកបានជំរុញឱ្យក្រុមប្រឹក្សាសន្តិភាព និងសណ្តាប់ធ្នាប់ដោះស្រាយការរីកសាយអាវុធខុសច្បាប់ ឬរលុង ដែលបង្កឲ្យមានអំពើហិង្សាក្នុងប្រទេស ដោយព្រមានអំពីការកើនឡើងនៃ “លទ្ធិសង្គ្រាម”។
លោក Marcos បានចេញដីកានេះ ចំពេលមានការកើនឡើងនៃការសម្លាប់អ្នកនយោបាយក្នុងប៉ុន្មានខែថ្មីៗនេះ រួមទាំងការធ្វើឃាតសម្ព័ន្ធមិត្ត នយោបាយរបស់លោក Marcos លោក Roel Degamo កាលពីខែមុន។
Marcos បានលើកឡើងថា “នោះជាការពិត ពីព្រោះសូម្បីតែមួយក៏ច្រើនពេកដែរ” ។ លោក បន្ថែមថា បញ្ហាដ៏លើសលប់មួយទៀត ដែលប្រឈមមុខ នឹងសន្តិសុខ របស់ប្រទេសអាស៊ីអាគ្នេយ៍គឺអំពើហឹង្សា ដែលប្រព្រឹត្តឡើង ដោយក្រុមគ្រឿងញៀន ឈ្លោះប្រកែកគ្នាលើទឹកដីដោយមាន ការចូលរួមពីសមាជិកមួយចំនួននៃកម្លាំងប៉ូលិស។
លោក បានបន្ថែមថា “វាកើតចេញពីការប្រយុទ្ធគ្នា ក្នុងទឹកដីលើតំបន់ ដែលចែកចាយគ្រឿងញៀន អ្នកណាគ្រប់គ្រងការជួញដូរគ្រឿងញៀន នៅក្នុងតំបន់នោះ”៕
ប្រែសម្រួល ឈូក បូរ៉ា