បរទេស ៖ រុស្ស៊ីកំពុងយកឈ្នះអ៊ុយក្រែន ហើយការលេចធ្លាយឯកសារ ដែលបានចាត់ថ្នាក់ របស់អាមេរិកនាពេលថ្មីៗនេះ នឹងមិនផ្លាស់ប្តូរលទ្ធផល នៅសមរភូមិឡើយ, នេះបើតាមវរសេនីយ៍ឯកកងទ័ព អាមេរិកចូលនិវត្តន៍ និងជាអតីតទីប្រឹក្សា មន្ទីរបញ្ចកោណ លោក Douglas Macgregor បាននិយាយ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Macgregor បាននិយាយនៅក្នុងវីដេអូមួយ ដែលបានបង្ហោះចូល ទៅក្នុងបណ្តាញ YouTube របស់លោកកាលពីថ្ងៃអាទិត្យថា “ខ្ញុំគិតថា រុស្សីកំពុងតែឈ្នះ ហើយរុស្ស៊ីក៏បានដឹងអំពីការពិតនេះដែរ” ។ លោក Macgregor បានអះអាងទៀតថា “អ៊ុយក្រែនខ្លួនឯងដឹងការពិត ។ ពួកគេស្ថិតក្នុងស្ថានភាព ដ៏អាក្រក់មួយនៅពេលនេះ។ យើងបានជំរុញពួកគេឱ្យចាប់ផ្តើមការវាយលុក ដ៏ធំនេះនៅនិទាឃរដូវ។
ទាហានអាមេរិកចូលនិវត្តន៍ និងជាអតីតទីប្រឹក្សាមន្ទីរបញ្ចកោណរូបនេះ បន្ថែមថា “និយាយដោយត្រង់ទៅ អ៊ុយក្រែន មិនមានកងកម្លាំងទេ ពួកគេមិនមានធនធាន ដើម្បីធ្វើការផ្លាស់ប្តូរនៅចំណុចនេះទេ។ ពួកគេពិតជាចាំបាច់ដើម្បីថយក្រោយ និងងាកមកការពារ ដើម្បីប្រឆាំងនឹងរុស្ស៊ី ដែលទីបំផុតនឹងវាយប្រហារ នៅខែឧសភា និងខែមិថុនា»។
ឯកសារដែលត្រូវបានបែកធ្លាយ តាមប្រព័ន្ធអ៊ីនធឺណេត ក្នុងឆ្នាំនេះ ហើយថ្មីៗនេះបានរកឃើញ ដោយស្ថាប័នព័ត៌មានរួមមាន ការបញ្ជូនព័ត៌មានសម្ងាត់ របស់សហរដ្ឋអាមេរិក និងឯកសារដែលគេអះអាងថា ជារបាយការណ៍ប្រចាំថ្ងៃរបស់មន្ទីរបញ្ចកោណ ស្តីពីជម្លោះអ៊ុយក្រែន-រុស្ស៊ី ។ យោងតាមឯកសារ ចុះថ្ងៃទី ២៨ ខែកុម្ភៈ បណ្តាប្រទេសលោកខាងលិច បានហ្វឹកហាត់ និងបំពាក់អាវុធ ដល់កងពលតូចអ៊ុយក្រែនចំនួន ៩ សម្រាប់ការវាយលុក ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ៣០ ខែមេសា ។ ឯកសារដដែលបាននិយាយថា កងពលតូចចំនួន៣ទៀតនឹងត្រូវបង្កើត “ផ្ទៃក្នុង” នៅអ៊ុយក្រែន ៕