SEA GAME

CAMSOC ផ្តល់សំបុត្រឥតគិតថ្លៃ ៣០០០សំបុត្រ ដល់ពលរដ្ឋខ្មែរ រស់នៅក្រៅប្រទេស ចូលទស្សនាស៊ីហ្គេម

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) បានផ្តល់សំបុត្រឥតគិតថ្លៃ ចំនួន៣០០០ សំបុត្រ សម្រាប់ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ចូលទស្សនាព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ទាំងក្នុងពិធីបើក និងបិទ។

យោងតាមសេចក្ដីជូនដំណឹងរបស់ CAMSOC នាថ្ងៃទី១៩ មេសា បានឲ្យដឹងថា «អនុវត្តតាមអនុសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្រៅប្រទេស មកលេងស្រុក កំណើត ដើម្បីបានឃើញពីការអភិវឌ្ឍជាក់ស្ដែងនៅកម្ពុជា និងយោងតាមស្មារតី នៃវិធានការគោល នយោបាយ អនុវត្តយុទ្ធនាការ ឆ្នាំទស្សនាកម្ពុជា២០២៣ CAMSOC នឹងរៀបចំផ្តល់ជូននូវសំបុត្រឥតគិតថ្លៃសម្រាប់ ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ចំនួន ៣០០០សំបុត្រ ដើម្បីអាចចូលទស្សនាពិធីបើក ព្រឹត្តិការណ៍កីឡា ស៊ីហ្គេមលើកទី៣២ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ និងពិធីបិទនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣»។

CAMSOC ក៏បានណែនាំប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសទាំងអស់ ចុះឈ្មោះតាមប្រព័ន្ធអនឡាញតាមរយៈគេហទំព័រ www.overseaskhmer2023.com។

CAMSOC បន្ថែមថា ក្រោយពេលបានចុះឈ្មោះរួចរាល់ ពលរដ្ឋខ្មែររស់នៅក្រៅប្រទេសអាច មកទទួលយកសំបុត្រ ដោយផ្ទាល់ ឬអាចស្នើសុំឲ្យបងប្អូន សាច់ញាតិ ឬមិត្តភក្ដិរស់នៅកម្ពុជា មកទទួលយកជំនួសបានពីបញ្ជរផ្តល់ សំបុត្រឥតគិតថ្លៃ មានទីតាំងនៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣៕

To Top