ព័ត៌មានជាតិ

យានយន្តជាង ១៥០ពាន់គ្រឿង មិនទាន់ឆៀក និងបណ្ណបើកបរជាង ៣០០ពាន់បណ្ណ ហួសសុពលភាព

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា នាពេលបច្ចុប្បន្ននេះ មានយានយន្តជាង១៥០ពាន់គ្រឿង មិនទាន់បានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) និងបណ្ណបើកបរជាង ៣០០ពាន់បណ្ណ ហួសសុពលភាព។

ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) សាខាសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា «សូមអំពាវនាវសារជាថ្មី ទៅកាន់បងប្អូនប្រជាពលរដ្ឋ សូមយកយានយន្តទៅត្រួតពិនិត្យ លក្ខណៈបច្ចេកទេសឲ្យបានទៀងទាត់ និងទាន់ពេលវេលា ដើម្បីឲ្យយានយន្តមានសុវត្ថិភាព ក្នុងពេលធ្វើដំណើរនៅតាមដងផ្លូវ ដែលបច្ចុប្បន្នមានយានយន្តជាង ១៥៣ពាន់គ្រឿង មិនទាន់បានឆៀក»។

លោកបន្ដថា «ជាមួយគ្នានេះ ចំពោះបងប្អូនអ្នកបើកបរ ដែលមានបណ្ណបើកបរផុតសុពលភាព ដែលបច្ចុប្បន្នមានចំនួនប្រមាណជាង ៣៤៦ពាន់បណ្ណ ត្រូវមកប្ដូរបណ្ណបើកបររបស់ខ្លួន ឲ្យស្របតាមច្បាប់កំណត់ ដើម្បីចៀសវាងការផាកពិន័យ»។

លោកទេសរដ្ឋមន្ដ្រីបន្ថែមថា ចំពោះការទទួលសេវាទាំងនោះ ប្រជាពលរដ្ឋ អាចមកមណ្ឌលផ្ដល់សេវាសាធារណៈ របស់ក្រសួងសាធារណការ មានទីតាំងក្នុងទីស្តីការក្រសួង និងតាមផ្សារទំនើបមួយចំនួនក្នុងរាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងក្រុងសៀមរាប ដើម្បីទទួលសេវាដោយផ្ទាល់ ជៀសវាងការចំណាយក្រៅផ្លូវការ ៕

To Top