ព័ត៌មានអន្តរជាតិ

តួកគី ចាប់ផ្តើមដឹកជញ្ជូន ហ្គាសធម្មជាតិ របស់ខ្លួនចេញពីប្លុក ក្នុងតំបន់សមុទ្រ ខ្មៅជាលើកដំបូង

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសតួកគី កាលពីថ្ងៃព្រហស្បតិ៍ បានចាប់ផ្តើមធ្វើការដឹកជញ្ជូនហ្គាសធម្មជាតិ របស់ខ្លួនចេញពីប្លុករុករកនៅសមុទ្រខ្មៅ ជាលើកដំបូងដែលជាផ្នែកមួយ នៃផែនការកាត់បន្ថយការពឹងផ្អែក ថាមពលតាមរយៈការនាំចូលពីបរទេស។

ហ្គាសដែលត្រូវបានគេបូម ចេញពីក្រោមសមុទ្រ ជម្រៅ២២០០ម៉ែត្រ ក្បែរទៅនឹងឆ្នេរនៅ Sakarya និងត្រូវបានបង្ហូរចេញ តាមរយៈបំពង់បង្ហូរប្រវែង១៧០គីឡូម៉ែត្រ និងតាមរយៈទីតាំងរោងចក្រ ដាក់សំពាធជាច្រើនកន្លែងមុន ពេលវាត្រូវបានយកទៅស្តុកទុក នៅរោងចក្រស្តុកហ្គាស Filyos ដែលស្ថិត នៅក្នុងខេត្តភាគខាងជើង Zonguldak។

ចូលរួមក្នុងពិធីបើកឲ្យដំណើរ ការទាញយកធនធានហ្គាសធម្មជាតិ ជាលើកដំបូងចេញពីតំបន់សមុទ្រខ្មៅនោះ ដោយលោកប្រធានាធិបតី Recep Tayyip Erdogan ហើយក្នុងនោះលោកប្រធានាធិបតី បានមានប្រសាសថា វាគឺជាជំហ៊ានជាប្រវត្តិសាស្ត្រ របស់តួកគីក្នុងការឆ្ពោះទៅរកភាព ឯករាជ្យ ចំពោះវិស័យថាមពល ។

នៅក្នុងពិធីនោះផងដែរ មេដឹកនាំតួកគី រូបនេះក៏បានប្រកាសថា នឹងផ្តល់ការប្រើប្រាស់ហ្គាសធម្មជាតិ ចំពោះពលរដ្ឋតួកគីរហូតទៅដល់២៥ម៉ែត្រ គូបក្នុងមួយខែ រយៈពេលពេញ១ឆ្នាំផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top