ជាសច្ចភាពដែលមិនអាចប្រកែកបាន ដែលថាប្រទេសចិន ដែលមានប្រវត្តិសាស្ត្ររបស់ខ្លួនជាង៥០០០ឆ្នាំ មានបរិមាណប្រជាជនច្រើនលើសលុប គួបផ្សំជាមួយនឹងភាពវាងវៃក្រោមការដឹកនាំរបស់ គណបក្សកុម្មុយនិស្តចិន ដែលបានលើកតម្កើងជីវភាពរស់នៅកាន់តែបវរជូនដល់ប្រជាជនចិន នាំឱ្យបរិមាណរបស់ប្រជាជនចិន នៅតែឈរលើលំដាប់ខ្ពស់នៃចំនួនប្រជាជន ដែលមានជីវភាពប្រសើរនៅលើពិភពលោក ។
បរិមាណប្រកបដោយគុណភាពនៃជនជាតិចិន បាននាំប្រទេសចិន ក្នុងនាមជាប្រទេសមហាអំណាច សេដ្ឋកិច្ចលំដាប់ទី២ហើយ បន្តដំណើររបស់ខ្លួនឆ្ពោះទៅកាន់វិថី ល្បឿនលឿននៃការអភិវឌ្ឍ និងការធ្វើទំនើបកម្មសង្គមតាមបែបផែនចិន ដើម្បីសម្រេចបាននូវសុបិនចិន ក្នុងការស្តារភាពអស្ចារ្យឡើងវិញ របស់ប្រជាជាតិចិន។
ជាតថភាពដែលពិភពលោកបានផ្តល់ដល់ការ យល់ដឹងរបស់យើងទាំងអស់គ្នាថាការ វិនិយោគលើប្រព័ន្ធអប់រំគឺជាកាតព្វកិច្ចនិងជាភារកិច្ចស្នូល និងអាទិភាពបំផុតរបស់រដ្ឋាភិបាល ក្នុងការបង្កើនបរិមាណធនធាន មនុស្សសម្រាប់ជាតិ និងសម្រាប់សកលលោកផងដែរ។
ជនជាតិចិន ដែលពោរពេញដោយភក្តីភាព ចំពោះការសិក្សាស្របនឹងទស្សនៈរបស់ ខុងជឺ ដែលតែងបានពោលថា «យើងនឹងអាចរៀនសូត្រពីមនុស្សម្នាក់ ក្នុងចំណោមមនុស្ស៣នាក់ ដែលយើងបានប្រាស្រ័យទាក់ទង»ដែលនេះជាឃ្លាយ៉ាងសាមញ្ញ ដោយបង្កប់នូវអត្ថន័យលើកកម្ពស់ការសិក្សា និងបង្កើនមរតកហ្សែនឈ្វេងយល់ និងបង្កើនពុទ្ធិទៅកាន់ជំនាន់ក្រោយ ដើម្បីប្រែក្លាយពុទ្ធិនិងបទពិសោធន៍ដែលទទួលបាន ទៅជាអាវុធដ៏មានឥទ្ធិពលបំផុត ក្នុងការអភិវឌ្ឍជាតិ និងអភិវឌ្ឍសកលដែលជាខ្លឹមសារសំខាន់មួយ នៃការកសាងសហគមន៍រួម វាសនានៃមនុស្សជាតិ។
ជាការពិតដែលប្រទេសចិន បានលាតត្រដាងជាសាធារណៈ ថាក្នុងរយៈពេលប្រាំឆ្នាំខាងមុខ យានអវកាសចិននឹងផ្អែកលើដំណាក់កាលអភិវឌ្ឍថ្មី អនុវត្តគំនិតអភិវឌ្ឍថ្មី កសាងគំរូអភិវឌ្ឍថ្មី និងស្របតាមតម្រូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ជំរុញការអភិវឌ្ឍគ្រប់ជ្រុងជ្រោយនៃវិទ្យាសាស្ត្រអវកាស បច្ចេកវិទ្យា អវកាស និងកម្មវិធីអវកាស ។
នេះជាការចាប់ផ្តើមដំណើរថ្មី ដើម្បីកសាងក្នុងគ្រប់មធ្យោបាយ ប្រទេសដ៏មានឥទ្ធិពល នៃលំហអាកាសដែលប្រទេសចិន នឹងចូលរួមចំណែកកាន់តែច្រើនក្នុងការអភិវឌ្ឍប្រទេសទាំងមូល ដោយខិតខំលើកកម្ពស់កិច្ចកសាង«សហគមន៍រួមវាសនានៃមនុស្សជាតិ» និងលើកស្ទួយវឌ្ឍនភាព នៃអរិយធម៌សកលរបស់មនុស្សជាតិ ក្នុងវិស័យអវកាស។
ឧស្សាហកម្មអវកាសរបស់ប្រទេសចិន ដែលពោរពេញដោយសក្តានុពលមិនអាចកាត់ផ្តាច់ ពីកិច្ចខិតខំរបស់រដ្ឋាភិបាលចិន ក្នុងការវិនិយោគយ៉ាងមហិមាលើវិស័យ អប់រំដើម្បីបង្កើនទាំងបរិមាណ ទាំងគុណភាពធនធាន មនុស្សនោះឡើយ។
ជាគោលនយោបាយអប់រំប្រកបដោយនិយាមវិទ្យាសាស្រ្ត ដែលថាធនធានមនុស្សរបស់ប្រទេសចិន បានបង្កើតឱ្យមានបដិវត្តន៍ថ្មីផ្អែក លើនវានុវត្តភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា5G និងបច្ចេកវិទ្យាវិទ្យាសាស្ត្រជឿនលឿននានា បញ្ញាសិប្បនិម្មិតជំនាន់ទី២ ហើយដែលតាមរយៈរបកគំហើញ វិទ្យាសាស្ត្របច្ចេកវិទ្យាដ៏ជឿនលឿន ខ្លាំងក្លាបែបនេះ ទើបទាំងចិន ទាំងពិភពលោកបានទាញយកសក្ដានុពល ពីបច្ចេកវិទ្យារបស់ចិន សម្រាប់ការអភិវឌ្ឍសកល។
នវានុវត្តភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យាចិននឹងបើកចំហនូវវិសាលភាព ហើយនាំមកនូវកាលានុវត្តភាពនានា ដោយបង្កើតកម្លាំងជំរុញនិងលើកកម្ពស់ភាពជឿនលឿន នៃឧស្សាហូបនីយកម្មថ្មីៗ ជាច្រើនដែលបម្រើដល់វិស័យពាក់ព័ន្ធទាំងអស់ នៅក្នុងពិភពលោក ហើយដែលបង្កើនប្រសិទ្ធភាព ដល់ការលើកកម្ពស់ ជីវភាពរស់នៅរបស់មនុស្សជាតិ ក្នុងចរន្តនៃការអភិវឌ្ឍសកល។
ជាទស្សនវិជ្ជារាប់ពាន់ឆ្នាំដែលចិន តែងប្រកាន់យកនោះគឺ «ផ្តល់ការអប់រំឱ្យចេះស្ទូចត្រី ប្រសើរជាផ្តល់ត្រី» បានក្លាយជាគុណតម្លៃស្នូលនៃការអភិវឌ្ឍ ធនធានមនុស្សទាំងក្នុង ក្របខណ្ឌជាតិនិងអន្តរជាតិ ហើយដែលប្រទេសចិន បានផ្តល់អាហារូបករណ៍ជាច្រើនលើគ្រប់ ជំនាញដល់សិស្ស-និស្សិត អ្នកសិក្សាស្រាវជ្រាវ បញ្ញវន្ត ក្រុមអ្នកគិតនៅបរទេសនានាមកបន្តការសិក្សា ការចែករំលែក ការពង្រឹងនិងពង្រីកពុទ្ធិនិងបទពិសោធន៍ មហាសាលនៃវឌ្ឍនភាពវិទ្យាសាស្រ្ត ដែលក្នុងនោះក្នុងចំណោមសិស្ស និស្សិតបរទេសរាប់សិបម៉ឺននាក់ ក្នុង១ឆ្នាំៗ កម្ពុជាមានសិស្ស និស្សិតច្រើនជាង១០០០នាក់បានមកបន្ត ការសិក្សានៅក្នុងប្រទេសចិន ដើម្បីចូលរួមចំណែកដើរលើមាគ៌ាទំនើបកម្ម នៃអរិយធម៌សកលដែលតែងបានផ្តល់នូវទំនុកចិត្ត ដល់ពិភពលោកស្តីពី សន្តិភាពនិងការអភិវឌ្ឍ ក្រោមទម្រកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះនៃយន្តការពហុភាគីនិយម។
ជារួមប្រទេសចិន មិនត្រឹមជាប់ចំណាត់ថ្នាក់ ក្នុងចំណោមបណ្តាប្រទេសជឿនលឿន នៅផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដែលបានបង្កើនបរិមាណនិងអភិវឌ្ឍ សមត្ថភាពធនធានមនុស្សដ៏ច្រើនបំផុត ប្រកបដោយនវានុវត្តភាពឱ្យដើរតួនាទីកាន់តែខ្លាំងក្លា ក្នុងការគាំទ្រនិងជំរុញល្បឿននៃការអភិវឌ្ឍ សេដ្ឋកិច្ចនិងសង្គមរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងចូលរួមក្នុងការបង្កើនទាំងបរិមាណ ទាំងគុណភាពធនធានមនុស្សដល់ ប្រទេសនានាក្នុងពិភពលោកថែមទៀតផង។
គំនិតផ្តួចផ្តើមទាំងអស់របស់ប្រទេសចិន បាននិងកំពុងបង្កើនល្បឿនកាន់តែលឿន ក្នុងការថែរក្សាសុខសន្តិភាពនិងការអភិវឌ្ឍ ប្រកបដោយចីរភាពជូនដល់មនុស្សជាតិ នៅលើពិភពលោកតាមរយៈ បរិមាណប្រកបដោយគុណភាពកម្រិតខ្ពស់ នៃធនធានមនុស្សរបស់ប្រទេសចិន៕ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន