ព័ត៌មានអន្តរជាតិ

មន្រ្តីជាន់ខ្ពស់កោះតៃវ៉ាន់ ព្យាករណ៍ពីឆ្នាំដែលកងទ័ពចិន អាចនឹងវាយប្រហារមកលើខ្លួន

បរទេស៖ រដ្ឋមន្ត្រី​ការបរទេស​ របស់​កោះ​គ្រប់គ្រង​ដោយ​ខ្លួនឯង​ តៃវ៉ាន់ លោក Joseph Wu បាន​អះអាង​ថា ជម្លោះ​យោធា​រវាង​ចិន និង​តៃវ៉ាន់​អាច​នឹង​កើត​ឡើង​ក្នុង​ឆ្នាំ ២០២៧។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ដោយបង្ហាញខ្លួននៅលើស្ថានីយ៍វិទ្យុ LBC របស់ចក្រភពអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍លោក Wu បាននិយាយថា “យើងកំពុងទទួលយកការគំរាមកំហែងផ្នែកយោធារបស់ចិនយ៉ាងខ្លាំង … ខ្ញុំគិតថាឆ្នាំ ២០២៧ គឺជាឆ្នាំដែលយើងត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំង” ។

លោក​បាន​សម្តែង​ក្តី​សង្ឃឹម​ថា “ដៃគូ​ដែល​មាន​គំនិត​ដូច​គ្នា ដែល​រួមានមានអង់គ្លេស​ផងដែរ អាច​បញ្ឈប់​ចិន​ពី​ការ​ផ្តើម​សង្រ្គាម​ប្រឆាំង​នឹង​កោះតៃវ៉ាន់”។

សារព័ត៌មាន Reuters បានលាតត្រដាងកាលពីខែមុនថា រដ្ឋាភិបាលអង់គ្លេស បានអនុម័តការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងការនាំចេញគ្រឿងបន្លាស់ និងបច្ចេកវិទ្យានាវាមុជទឹកទៅកាន់កោះតៃវ៉ាន់ក្នុងឆ្នាំ ២០២២។ វាបានធ្វើតាមការអំពាវនាវរបស់អតីតនាយករដ្ឋមន្ត្រី Liz Truss សម្រាប់ “អង្គការណាតូជាសកល” ដើម្បីផ្តល់អាវុធដល់ក្រុងតៃប៉ិតាមរបៀបសម្ព័ន្ធភាព បាន​បំពាក់​អាវុធ​ក្រុង​កៀវ។

ការវាយតម្លៃរបស់ Wu អំពីទំនាក់ទំនងចិន-តៃវ៉ាន់បានបន្លឺឡើងដែលគូសបញ្ជាក់ដោយនាយក CIA លោក William Burns ក្នុងខែកុម្ភៈ។

ដោយមានវត្តមាននៅលើកញ្ចក់ទូរទស្សន៍ CBS’ Face the Nation លោកបានអះអាងថា “ប្រធានាធិបតីចិន Xi បានណែនាំកងទ័ពប្រជាជនចិន PLA ដែលជាថ្នាក់ដឹកនាំយោធាចិន ឱ្យត្រៀមខ្លួននៅឆ្នាំ ២០២៧ ដើម្បីឈ្លានពានកោះតៃវ៉ាន់” ។ ទោះជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា នេះមិនមែនមានន័យថាទីក្រុងប៉េកាំងបាន “សម្រេចចិត្តឈ្លានពាននៅឆ្នាំ ២០២៧ ឬឆ្នាំណាមួយផ្សេងទៀតនោះទេ” ៕

ប្រែសម្រួលៈ ណៃ តុលា 

To Top