អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានឲ្យដឹងថា ប្រទេសតួកគី បានកាត់បន្ថយការពឹង ផ្អែកពីបរទេសរបស់ខ្លួន នៅក្នុងឧស្សាហកម្មការពារជាតិ ពីប្រហែល ៨០ ភាគរយមកនៅត្រឹម ២០ ភាគរយ ក្នុងរយៈពេលពីរទសវត្សរ៍ កន្លងមកនេះ។
លោក Erdogan បានឲ្យដឹងនៅក្នុងពិធីប្រគល់រថក្រោះ Altay ថ្មីដល់កងកម្លាំងប្រដាប់អាវុធតួកគី សម្រាប់ការសាកល្បងនៅខេត្ត Sakarya ភាគពាយ័ព្យប្រទេសថា “ចំនួននៃគម្រោងការពារជាតិ ដែលមានត្រឹមតែ ៦២ ក្នុងឆ្នាំ២០០២ ថ្ងៃនេះបានលើសពី ៧៥០” ។
លោកប្រធានាធិបតី បានលើកឡើងថា តួកគី បានកំណត់គោលដៅនៃឧស្សាហកម្មការពារជាតិឯករាជ្យ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
ប្រធានាធិបតីតួកគីបានពន្យល់ថា ថវិការបស់ប្រទេស សម្រាប់គម្រោងការពារជាតិ មានចំនួន ៥,៥ ពាន់លានដុល្លារក្នុងឆ្នាំ២០០២ ឥឡូវនេះវាបានឈានដល់ ៧៥ ពាន់លានដុល្លារ សហរដ្ឋអាមេរិក រួមទាំងគម្រោងនៅក្នុងដំណើរការដេញថ្លៃផងដែរ។
គួរបញ្ជាក់ថា BMC Defense របស់ប្រទេសតួកគី បានប្រគល់រថក្រោះប្រយុទ្ធដ៏សំខាន់ Altay សម្រាប់ការធ្វើតេស្ត ដែលត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅឆ្នាំ២០២៤៕