ព័ត៌មានអន្តរជាតិ

អាមេរិក-ជប៉ុន គូសបញ្ជាក់ពីសារៈសំខាន់ នៃសម្ព័ន្ធភាពរឹងមាំ ខណៈកំពុងតានតឹងជាមួយចិន

តូក្យូ ៖ នាយករដ្ឋមន្ត្រី ហ្វូមីអូ គីស៊ីដា និងអភិបាលរដ្ឋ ផ្លរីដា លោក Ron DeSantis ដែលជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋឆ្នាំ២០២៤ ដ៏មានសក្តានុពលបាន គូសបញ្ជាក់អំពីសារៈសំខាន់ នៃសម្ព័ន្ធភាព ជប៉ុន-អាមេរិកដ៏រឹងមាំ ចំពេលមានស្ថានភាព សន្តិសុខធ្ងន់ធ្ងរ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ។

នៅក្នុងកិច្ចប្រជុំ របស់ពួកគេនៅឯការិយាល័យ នាយករដ្ឋមន្ត្រី ដែលជាផ្នែក មួយបើកចំហ ចំពោះប្រព័ន្ធផ្សព្វផ្សាយ លោក DeSantis បានសាទរ ចំពោះការសម្រេចចិត្ត របស់លោក គីស៊ីដា ក្នុងការបង្កើន ការចំណាយ លើវិស័យការពារជាតិ របស់ប្រទេសជប៉ុន ក្នុងការប្រឈមមុខ នឹងការគំរាមកំហែងផ្នែកយោធា ពីប្រទេសជិតខាង ដូចជាចិន និងកូរ៉េខាងជើង ។

លោក DeSantis បានលើកឡើងថា “ប្រទេសជប៉ុនខ្លាំង គឺល្អសម្រាប់អាមេរិក ហើយអាមេរិកខ្លាំង គឺល្អសម្រាប់ប្រទេសជប៉ុន” ដោយបន្ថែមថា “ប្រទេសរបស់យើង គឺនៅទីនោះជាមួយអ្នកគ្រប់ជំហាននៃផ្លូវ” ។

ជាមួយគ្នានេះដែរ លោក គីស៊ីដា បានលើកឡើងថា សម្ព័ន្ធភាពដែលបានពង្រឹង គឺមានសារៈសំខាន់ដើម្បី “ធានាសន្តិភាព ស្ថិរភាព និងវិបុលភាពនៃសហគមន៍អន្តរជាតិ” នេះបើយោងតាមក្រសួងការបរទេសជប៉ុន ។

លោក DeSantis បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំថា “ខ្ញុំគិតថាការមានទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងជប៉ុនដ៏រឹងមាំ គឺចាំបាច់ សម្រាប់ការថែរក្សាពិភពលោកសេរីមួយ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

នៅក្នុងខែធ្នូ រដ្ឋាភិបាលលោក គីស៊ីដា បានសម្រេចចិត្តបង្កើនការចំណាយ លើវិស័យការពារជាតិ ប្រចាំឆ្នាំរបស់ប្រទេសជប៉ុន ដល់ប្រហែល ២ ភាគរយនៃផលិតផលក្នុងស្រុកសរុប ស្មើនឹងសមាជិកណាតូ នៅចុងខែមីនា ឆ្នាំ២០២៨ និងដើម្បីទទួលបានសមត្ថភាព វាយប្រហារមូលដ្ឋានសត្រូវការពារ។

គួរបញ្ជាក់ថា លោក DeSantis ស្ថិតនៅក្នុងប្រទេស ជប៉ុន ជាមួយនឹងគណៈប្រតិភូធុរកិច្ច ដោយស្វែងរកការលើក កម្ពស់ការផ្លាស់ប្តូរអាជីវកម្ម ជាមួយរដ្ឋភាគអាគ្នេយ៍ នៃសហរដ្ឋអាមេរិក ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top