ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃកម្ពុជា និងលោក ជិន លីវ ក្វាង ឧបនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានប្ដេជ្ញារួមគ្នាបង្កើន កិច្ចសហប្រតិបត្តិការ និងដោះស្រាយឱ្យបានទាន់ពេលវេលានូវបញ្ហានានា ដែលកើតមានឡើង ។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរួម ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម នៅថ្ងៃ២៥ ខែមេសា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង និង លោក ជិន លីវ ក្វាង បានសង្កត់ធ្ងន់អំពីសារៈសំខាន់ ក្នុងការបន្តថែរក្សាទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងបណ្តាខេត្តព្រំដែនកម្ពុជា-វៀតណាម និយាយដោយឡែក និង រវាងកម្ពុជា-វៀតណាម និយាយរួម។
ក្នុងសេចក្ដីប្រកាសរួម បន្តថា ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាក្រសួងស្ថាប័នពាក់ព័ន្ធនៃប្រទេស ទាំងពីរ ក្នុងការម្ចាស់ការសហការកសាង ក្របខណ្ឌច្បាប់ និងយន្តការកិច្ចសហប្រតិបត្តិការសំដៅបង្កលក្ខណៈ ងាយស្រួលដល់កិច្ចសហប្រតិបត្តិការ របស់បណ្តាខេត្តជាប់ព្រំដែន ស្របទៅនឹងទិសដៅ ដែលបានដាក់ចេញនៅក្នុងកិច្ចប្រជុំលើកទី១១ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្ត ជាប់ព្រំដែនកម្ពុជា-វៀតណាម។
ទន្ទឹមនឹងនេះ ភាគីទាំងពីរអបអរសាទរ ពិធីផ្លាស់ប្ដូរលិខិតូបករណ៍សច្ចាប័ន លើសន្ធិសញ្ញាបំពេញបន្ថែម ទៅលើសន្ធិសញ្ញា កំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ និងសន្ធិសញ្ញា បំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជានិង សាធារណរដ្ឋសង្គមនិយមវៀតណាម និងពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែន គោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។
ជាមួយគ្នានេះ ភាគីទាំងពីរ បានស្វាគមន៍ចំពោះពិធីផ្លាស់ប្តូរផែនទីឋានលេខាព្រំដែនកម្ពុជា-វៀតណាម ខ្នាត ១/២៥.០០០ រវាងគណៈ កម្មការចម្រុះខណ្ឌសីមានិងបោះបង្គោលព្រំដែនគោកនៃប្រទេសទាំងពីរ ដែលបានធ្វើឡើងនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបាយ ខេត្តតៃនីញ៕