ព័ត៌មានជាតិ

សមាគមជប៉ុន-កម្ពុជា សុំកិច្ចសហការពីអាជ្ញាធរ រាជធានី​ភ្នំពេញ ​រៀបចំព្រឹត្តិការណ៍ អបអរខួប៧០ឆ្នាំ ទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន

ភ្នំពេញ៖​ ប្រធានសមាគមជប៉ុន-កម្ពុជា ស្នើសុំកិច្ចសហការពីអាជ្ញាធររាជធានីភ្នំពេញ លើគម្រោងរៀបចំព្រឹត្តិការណ៍ធំៗ ដូចជាការបាញ់កាំជ្រួច ការសម្ដែងសិល្បៈ ដែលបង្ហាញពីវប្បធម៌ អរិយធម៌របស់ប្រទេសជប៉ុន សម្រាប់អបអរខួប៧០ឆ្នាំ​ នៃទំនាក់ទំនងការទូត រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន។

ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ​ ជាមួយ​លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣​ជាមួយលោក ហ៊ូមីអាគិ តាកាហាស្ស៊ី ( Fumiaki TAKAHASHI) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសុំការសហការ​ ជាមួយនឹងអាជ្ញាធររាជធានីភ្នំពេញ ក្នុងការរៀបចំ​ ខួប៧០ឆ្នាំ​ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ។ សម្រាប់ខួប៧០ឆ្នាំ​នេះ សមាគមជប៉ុន-កម្ពុជា ក៏ដូចជាស្ថានទូតជប៉ុន គ្រោងនឹងរៀបចំជាព្រឹត្តិការណ៍ដ៏ធំមួយ ដោយមានទាំងការបាញ់កាំជ្រួច ការសម្ដែងសិល្បៈ ដែលបង្ហាញពីវប្បធម៌ អរិយធម៌របស់ប្រទេសជប៉ុន និងកម្មវិធីផ្សេងៗទៀត ដោយនឹងប្រព្រឹត្តទៅ​ នៅថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២៣ខាងមុខ។

ជាការឆ្លើយតប ចំពោះការស្នើសុំនេះ​ លោក ឃួង ស្រេង សូមឲ្យប្រធានសមាគម ទំនាក់ទំនងទៅក្រសួងការបរទេស ក៏ដូចជាក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ដើម្បីសូមការអនុញ្ញាតជាមុនសិន។ ក្រោយពីមានការឯកភាព ពីរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ នឹងសហការយ៉ាងពេញទំហឹង ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់​ សម្រាប់ពិធីដ៏ធំនេះ។

ឆ្លៀតក្នុងឱកាសនោះ លោក ឃួង ស្រេង ក៏​បានស្នើសុំឲ្យប្រទេសជប៉ុន ពិនិត្យលទ្ធភាព ក្នុងការជួយផ្ដល់ជារថយន្តពន្លត់អគ្គីភ័យបន្ថែមទៀត ជូនមករដ្ឋបាលរាជធានីភ្នំពេញ ពិសេសរថយន្តពន្លត់អគ្គីភ័យ សម្រាប់ពន្លត់អគ្គីភ័យ នៅអគារខ្ពស់ ដោយសាររាជធានីភ្នំពេញសព្វថ្ងៃនេះ មានអាគារខ្ពស់ៗកាន់តែច្រើន ដែលទាមទារឲ្យរដ្ឋបាលរាជធានីភ្នំពេញ​ ខិតខំបង្កាទប់ស្កាត់គ្រោះអគ្គីភ័យ ឲ្យបានល្អបន្ថែមទៀត​ ស្របទៅតាមការរីកចំរើនឥតឈប់ឈរ របស់រាជធានីភ្នំពេញ។

ជាមួយគ្នានោះ លោក ឃួង ស្រេ​ង បានជម្រាបជូនផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ ក៏​ដូចជារាជរដ្ឋាភិបាលកម្ពុជា គឺបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះអ្នកវិនិយោគរបស់ជប៉ុន ក៏ដូចជាអ្នកទេសចរ និងប្រជាពលរដ្ឋជប៉ុន
ដែលមកស្នាក់នៅព្រះរាជាណាចក្រកម្ពុជា ឲ្យមានភាពកក់ក្តៅក្នុងចិត្ត៕

To Top