ព័ត៌មានអន្តរជាតិ

លោក Trump ប្រតិកម្មខ្លាំងៗលើការប្រកាស ចូលរួមប្រជែងប្រធានាធិបតីអាណត្តិថ្មី របស់លោក Biden

បរទេស៖ នៅក្នុងវិដេអូជាយុទ្ធនាការ បោះឆ្នោតរបស់លោក Donald Trump បន្ទាប់ពីលោក Joe Biden បានប្រកាសចូលរួមការ ប្រកួតប្រជែងសាជាថ្មីនៅក្នុងអាណត្តិទី២ របស់លោកនោះអតីតប្រធានាធិបតីរូបនេះ បានលើកឡើងថាភាពបរាជ័យរបស់លោក Biden កំពុងបន្តកើតឡើងចាប់រាប់ពី បញ្ហាព្រំដែនអាមេរិកជាមួយនឹងមិកស៊ិកូ ទៅដល់ការដឹកនាំពិភពលោកដល់មាត់ជ្រោះ នៃសង្គ្រាមលោកលើកទី៣។

លោក Biden កាលពីថ្ងៃអង្គារម្សិលមិញនេះ បានប្រកាសចូលរួមប្រជែងតំណែង ជាប្រធានាធិបតីម្តងទៀត នៅក្នុងឆ្នាំ២០២៤ខាងមុខ ដោយក្នុងនោះលោកបានបញ្ជាក់ទៀតថា លោកត្រូវការរយៈពេល៤ឆ្នាំបន្ថែមទៀត ដើម្បីអាចបញ្ចប់ការងារ និងស្តារប្រទេសអាមេរិកឡើងវិញ ហើយបានត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះលោក Trump ក៏បានចេញមកធ្វើការប្រតិកម្ម ចំពោះការប្រកាសនេះ។

លោក Trump បានពោលបែបនេះថា៖ អ្នកទាំងអស់គ្នាអាចជ្រើសយក ប្រធានាធិបតីអាមេរិក៥រូប ដែលដឹកនាំប្រទេសអន់បំផុតមកតំរៀបគ្នាទាំងអស់ ប៉ុន្តែពួកគេមិនបានធ្វើឲ្យមានការខូចខាត ដល់អាមេរិកដូចទៅនឹងអ្វីដែលលោក Joe Biden បានធ្វើចំពោះអាមេរិកកន្លងមកនេះនោះដែរ។

អតីតប្រធានាធិបតីលោក Trump បានបន្តទៀតថាអាមេរិក បានជួបប្រទះនូវបញ្ហាអតិផរណា ដ៏អាក្រក់បំផុតក្នុងរយៈពេល ២៤ខែចុងក្រោយនេះ ក្រៅពីនោះបញ្ហាហ្គាសឡើងថ្លៃខ្លាំង បញ្ហាមនុស្សគ្មានផ្ទះសំបែងស្នាក់នៅ កាន់តែច្រើនឡើងជាដើមសុទ្ធតែជាគ្រោះមហន្តរាយ និងភាពបរាជ័យរបស់ប្រធានាធិបតី បច្ចុប្បន្នទាំងអស់ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top