ព័ត៌មានជាតិ

ពិធីចុះMoU រវាងក្រសួងសេដ្ឋកិច្ច និង ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) និង ការប្រគល់វិញ្ញាបនបត្រសមាជិកភាព ថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា (CamDX)

ភ្នំពេញ៖លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញ-វត្ថុ បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) និង ការប្រគល់វិញ្ញាបនបត្រសមាជិកភាពថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា (CamDX)។ ពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញ-វត្ថុ, ថ្នាក់ដឹកនាំធនាគារ ABA, ថ្នាក់ដឹកនាំគ្រឹះស្ថានហិរញ្ញវត្ថុ និង ក្រុមហ៊ុនធានារ៉ាប់រងដែលជាសមាជិកថ្នាល CamDX និង តំណាងសមាគមពាក់ព័ន្ធ នៅថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២៣ នាទីស្ដីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាងដោយ លោកបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការ និង ជាអគ្គ-លេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល បានចុះហត្ថលេខាលើអនុស្សរ-ណៈយោគយល់ស្ដីពី “កិច្ចសហការក្នុងក្របខណ្ឌការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និង បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា” ជាមួយធនាគារ ABA តំណាងដោយ លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA ដើម្បីចូលរួមលើកកម្ពស់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចឌីជីថល និង បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែរស់រវើក និង ស្របតាមគោលនយោបាយ និង និន្នាការជាតិ តំបន់ និង សាកល។ កន្លងមក, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បានសហការជាមួយធនាគារ ABA លើការងារមួយចំនួនរួចហើយក្នុងវិស័យឌីជីថល និង បច្ចេកវិទ្យាហិរញ្ញវត្ថុ ។

យ៉ាងណាមិញ, ការចុះអនុស្សរណៈនៃការយោគយល់គ្នានាថ្ងៃនេះ នឹងជំរុញ និង ពង្រីកកិច្ចសហការកាន់តែល្អប្រសើរដូចជា ៖ (១) ការចែករំលែកចំណេះដឹង, បទពិសោធន៍ និង ការបណ្តុះបណ្តាល, (២) ការចូលរួមប្រើប្រាស់ ថ្នាលឌីជីថលគន្លឹះ និង (៣) ការគាំទ្រលើសកម្មភាព និង កម្មវិធីផ្សេៗទៀត ទាំងផ្នែកហិរញ្ញវត្ថុ និង មិនមែនហិរញ្ញវត្ថុ សំដៅជំរុញ និង អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និង បច្ចកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។

ស្របពេលជាមួយគ្នានេះ លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ប្រគល់ វិញ្ញាបនបត្របញ្ជាក់សមាជិកភាពថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា (CamDX) ដែលបច្ចុប្បន្នមានសមាជិកចំនួន ១៤ ដែលមកពីវិស័យឯកជន រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រ៉ូយ៉ាល់ ម៉ាយក្រូ ហ្វាយនែន ភីអិលស៊ី, ធនាគារ វីង (ខេមបូឌា) ម.ក, ធនាគារ ហត្ថា ម.ក, ធនាគារ អេស៊ីលីដា ភីអិលស៊ី, ក្រុមហ៊ុន អិមជីអេ អេស៊ា អ៊ិនសួរិន ប្រូកឃើរ ខូ អិលធីឌី, ក្រុមហ៊ុន អេហ្វដាប់ប៊ែលយូឌី ឡាយហ្វ៍ អ៊ិនសួរេន (ខេមបូឌា) ម.ក, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឆាយលីស រ៉ូយ៉ាល់ ហ្វាយនែន ម.ក, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ ម.ក, ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក, ធនាគារ ស្ថាបនា ភីអិលស៊ី និង ធនាគារ ABA។

ថ្នាល CamDX គឺជាថ្នាលផ្លាស់ប្ដូរទិន្នន័យដោយប្រើប្រាស់សន្ធានកម្មនៃកម្មវិធីកុំព្យូទ័រ (Application Programming Interface – API) រវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយ និង ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយទៀត ។ សមាជិកទាំង ១៤ នេះ បាន និង កំពុងប្រើប្រាស់ថ្នាល CamDX សម្រាប់ការផ្លាស់ប្ដូរទិន្នន័យអត្តសញ្ញាណកម្មរបស់រាជរដ្ឋាភិបាល ដើម្បី ប្រើប្រាស់ក្នុងក្របខណ្ឌសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល (E-KYC) ។ ធនាគារ និង ក្រុមហ៊ុនជាច្រើនទៀត បាន និង កំពុងបង្ហាញចំណាប់អារម្មណ៍ ហើយខ្លះទៀត កំពុងស្ថិតក្នុងការបំពេញលក្ខខណ្ឌផ្សេងៗដើម្បីក្លាយជាសមាជិកថ្នាល CamDX ផងដែរ។

លោកបណ្ឌិត គង់ ម៉ារី ក៏បានលើកឡើងដែរថា កិច្ចសហការបែបនេះ នឹងបង្កើតជាគំរូនៃសហ-ថាមពល (Synergy) និង សហបង្កើតថ្មី (Co-creation) រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដែលនឹងធ្វើឱ្យមានការបង្កើតនូវសេវា និង ផលិតផលថ្មីៗ សំដៅលើកម្ពស់ការផ្តល់សេវាសាធារណៈ កាន់តែមានប្រសិទ្ធភាព ផ្អែកលើបច្ចេកវិទ្យា និង នវានុវត្តន៍ ។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញ-វត្ថុ និង ធនាគារ ABA និង ការប្រគល់វិញ្ញាបនបត្រសមាជិកភាពថ្នាល CamDX ជូនដល់សមាជិកដែលមកពីវិស័យ ឯកជន ត្រូវបានបញ្ចប់ទៅប្រកបដោយផ្លែផ្កា និង បរិយាកាសស្និទ្ធិស្នាល៕

To Top