ព័ត៌មានជាតិ

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាល អនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារ

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនាមជាលេខាធិការដ្ឋានគណៈកម្មការអន្តរក្រសួង សម្រាប់ដឹក នាំតាមដាន និងត្រួតពិនិត្យការអនុវត្តគោល នយោបាយជាតិ ស្តីពីការងារ២០១៥-២០២៥ បានបើក វគ្គបណ្តុះបណ្តាល កសាងសមត្ថភាព ដល់សមាជិក គណៈ កម្មការខេត្តបន្ទាយមានជ័យ និងលេខាធិការដ្ឋានសម្រាប់ការអនុវត្តគោល នយោបាយ ជាតិស្តីពីមុខរបរនិងការងារ២០១៥-២០២៥ អំពីការអនុវត្តគោលនយោបាយនេះ។

លោក សោម ចំណាន រដ្ឋលេខាធិការក្រសួងការងារ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការអន្តរក្រសួង បានលើក ឡើងក្នុង វគ្គបណ្តុះបណ្តាល កាលពីថ្ងៃ២៧ មេសា នៅសាលាខេត្តបន្ទាយមានជ័យថា គោលនយោបាយ ជាតិស្តីពីមុខរបរ និងការងារនេះ ដើរតួនាទីសំខាន់ក្នុងការផ្លាស់ប្តូរ និងលើកស្ទួយ រចនាសម្ព័ន្តឧស្សាហកម្ម ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មពលកម្មផ្អែកលើជំនាញនៅឆ្នាំ២០២៥ ក៏ដូចជាការលើកកម្ពស់ការប្រកួតប្រជែង និងផលិតភាព សំដៅប្រែក្លាយពីឧស្សាហកម្មមានតម្លៃបន្ថែមទាប ទៅជាឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ស្របតាមគោល នយោបាយជាតិអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យមានកំណើនខ្ពស់ ប្រកបដោយចីរភាព និងបរិយាប័ន្ន សម្រាប់ភាពសុខដុម ក្នុងសង្គម។

លោកបានលើកឡើងថា រហូតមកដល់បច្ចុប្បន្ន គោលនយោបាយនេះ កំពុងតែត្រូវបានអនុវត្តយ៉ាងសកម្មដោយក្រសួង ស្ថាប័ន និងអង្គភាពនានា ព្រោះសកម្មភាពទាំងឡាយនោះ ក៏ត្រូវបានកំណត់ផងដែរ នៅក្នុងផែនការយុទ្ធសាស្ត្រ និងផែនការ សកម្មភាពប្រចាំឆ្នាំនីមួយៗនៃទិសដៅការងារ និងបេសកកម្មរបស់សាមីអង្គភាពរួចហើយ។

ជាមួយគ្នានោះដែរ លោករដ្ឋលេខាធិការសង្ឃឹមថា បន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះ ហើយការអនុវត្តគោលនយោបាយ ជាតិស្តីពីមុខរបរនិងការងារ ២០១៥-២០២៥ នៅខេត្តបន្ទាយមានជ័យ នឹងកាន់តែមានប្រសិទ្ធភាពមួយកម្រិតទៀត។

គួរបញ្ជាក់ថា គោលនយោបាយជាតិស្តីពីមុខរបរនិងការងារកម្ពុជាឆ្នាំ២០១៥-២០២៥ ត្រូវបានបង្កើតឡើងស្របតាម បរិបទនិងស្ថានភាពនៃកម្ពុជា ដោយបានពិនិត្យ និងអនុលោមទៅតាមបទប្បញ្ញត្តិនៃ អនុសញ្ញានៃអង្គការ អន្តរជាតិ ខាងការងារ (ILO) ឆ្នាំ១៩៦៤ ៕

To Top