ព័ត៌មានអន្តរជាតិ

ករណីលិចទូកល្បឿន នៅឥណ្ឌូនេស៊ី បណ្តាលឲ្យស្លាប់១១នាក់ ខណៈមនុស្ស៩នាក់ ទៀតកំពុងបាត់ខ្លួន

ឥណ្ឌូណេស៊ី ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៨ថា ទូកល្បឿនលឿន១គ្រឿង ដែលដឹកមនុស្សយ៉ាងហោចណាស់៧៨នាក់ បានលិចនៅភាគ ខាងលិចប្រទេសឥណ្ឌូនេស៊ី ហើយក្រុមអ្នកជួយសង្គ្រោះ កំពុងស្វែងរកមនុស្ស៩នាក់ ដែលនៅតែបាត់ខ្លួននៅក្នុងសមុទ្រ ដ៏លំបាកកាលពីព្រឹកថ្ងៃសុក្រនេះ ។

លោក Nyoman Sidhakarya ប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះ Pekanbaru បានឲ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះបានទាញ យកសាកសពចំនួន១១នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ ហើយបានជួយសង្គ្រោះ មនុស្សចំនួន៥៨ នាក់ រហូតមកដល់ពេលនេះ ពួកគេជាច្រើននាក់បានសន្លប់ បន្ទាប់ពីបានរសាត់ក្នុងទឹក អស់ជាច្រើនម៉ោង ។

រូបភាពទូរទស្សន៍ក្នុងស្រុក បានបង្ហាញមនុស្សឈរនៅលើទូក ដែលក្រឡាប់ព្យាយាម ទៅដល់ទូកនេសាទដែលផ្ទុកអ្នកនៅរស់។

លោក Sidhakarya បានឲ្យដឹងថា ទូក Evelyn Calista 01 បានដឹកអ្នកដំណើរចំនួន៧២នាក់ ដែលភាគច្រើនត្រឡប់ ពីដំណើរកម្សាន្តទៅកាន់ស្រុកកំណើត របស់ពួកគេ ដើម្បីប្រារព្ធពិធីបុណ្យ Eid al-Fitr ជាមួយក្រុមគ្រួសារ និងសមាជិកនាវិកចំនួន៦នាក់ ។

គួរបញ្ជាក់ថា ទូកនេះបានលិចនៅរសៀលថ្ងៃព្រហស្បតិ៍ ប្រហែល៣ម៉ោងបន្ទាប់ ពីចាកចេញពីកំពង់ផែនៅ Tembilahan ទីប្រជុំជនក្នុង Indragiri Hilir Regency ក្នុងខេត្ត Riau ។ វាត្រូវបានភ្ជាប់ទៅនឹងទីក្រុង Tanjung Pinang ក្នុងខេត្តជិតខាងក្នុងខ្សែសង្វាក់កោះ Riau ដែលជាការធ្វើដំណើរ ចម្ងាយ២០០គីឡូម៉ែត្រ ។

លោក Norhayat មេប៉ូលិស នៅក្នុងតំបន់ បានឲ្យដឹងថា មូលហេតុនៃការលិចនៅតែកំពុងត្រូវបានស៊ើបអង្កេត ប៉ុន្តែអ្នកនៅរស់រានមាន ជីវិតមួយចំនួនបានប្រាប់ ដល់អាជ្ញាធរថា ទូកបានលិចភ្លាមៗ ហើយបានក្រឡាប់បន្ទាប់ពីបានបុកនឹងឈើធំមួយ ខណៈដែលកំពុងជិះទូក ដោយមានខ្យល់បោកបក់ខ្លាំង៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top