ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ ព្រួយបារម្ភពីការឆ្លង រាលដាលជំងឺកូវីដ-១៩ ខ្លាំងនៅក្នុងអំឡុង ពេលបុណ្យសង្ក្រាន កន្លងមកនេះ

បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៨ថា លោក Anucha Burapachaisri អ្នកនាំពាក្យរដ្ឋាភិបាលស្តីទី បានឲ្យដឹងកាលពីថ្ងៃពុធថា លោក ប្រាយុទ្ធ ចាន់ឧចា នាយករដ្ឋមន្រ្តីថៃ បានសម្តែងការព្រួយបារម្ភ អំពីការហក់ឡើងនៃករណីជំងឺកូវីដ-១៩ និងបានជំរុញឲ្យក្រុមងាយរងគ្រោះឱ្យទទួលថ្នាំបង្ការ ។

លោក Anucha បានលើកឡើងថា “លោកនាយករដ្ឋមន្ត្រី បាននឹងកំពុងតាមដានស្ថានការណ៍ នៃជំងឺរាតត្បាតកូវីដ-១៩ ហើយបានបញ្ជាឱ្យក្រសួង សុខាភិបាល បន្តវាយតម្លៃស្ថានភាព ក៏ដូចជាតាមដានយ៉ាងដិតដល់នូវ ការរីករាលដាលនៃប្រភេទរង XBB.1.16” ។

ទិន្នន័យពីនាយកដ្ឋាន គ្រប់គ្រងជំងឺ ហៅកាត់ថា (DDC) បានបង្ហាញពីការកើនឡើងនៃករណីជំងឺកូវីដ-១៩ នៅក្នុងអំឡុងពេល និងបន្ទាប់ពីថ្ងៃឈប់ សម្រាកបុណ្យសង្ក្រាន្តដ៏យូរ របស់ប្រទេសថៃឡង់ដ៏ កាលពី២សប្តាហ៍មុន ។ នៅចន្លោះថ្ងៃទី៩ និងទី១៥ ខែមេសា ។ នាយកដ្ឋានបានរាយការណ៍ ពីករណីថ្មីចំនួន៤៣៥នាក់ នៅមុនពេលចំនួនបានកើនឡើងដល់១.០៨៨នាក់នៅក្នុងសប្តាហ៍បន្ទាប់ ។

លោក Tares Krassanairawiwong អគ្គនាយក DDC បានលើកឡើងកាលពីថ្ងៃពុធថា ការកើនឡើងនេះត្រូវបានគេរំពឹងថា នឹងបន្តក្នុងរយៈពេល១ទៅ២សប្តាហ៍ខាងមុខ ។

បើយោងតាមការលើកឡើងរបស់លោក Anucha បានឲ្យដឹងថា ការរីករាលដាលនៃជំងឺកូវីដ-១៩ គឺរីករាលដាលនៅក្នុងទីក្រុងធំៗ ដែលមានដង់ស៊ីតេប្រជាជនខ្ពស់ ដូចជា បាងកក ភូកេត ឈៀងម៉ៃ និងឈុនបុរី ។ លោកបានឲ្យដឹងទៀតថា ករណីភាគច្រើនបានឆ្លង នៅក្នុងចំណោមគ្រួសារ និងការជួបជុំគ្នាទ្រង់ទ្រាយធំ ៕

To Top