បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃសុក្រថា ទីក្រុងមូស្គូនឹងមិនគោរពតាម “ច្បាប់ដែលហៅថា” ដែលបង្កើត និងដាក់ដោយ “ប្រទេសមួយចំនួន” នោះទេ ក្នុងពេលលោកបានថ្លែងសុន្ទរកថា នៅឯកិច្ចប្រជុំក្រុមប្រឹក្សា នីតិប្បញ្ញត្តិរបស់រុស្ស៊ីនៅទីក្រុង St. Petersburg។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ពូទីន បាននិយាយថា បច្ចុប្បន្នរុស្ស៊ីកំពុងស៊ូទ្រាំនឹង “ការឈ្លានពានផ្នែកសេដ្ឋកិច្ច” ពីសមូហភាពលោកខាងលិច ដោយជំរុញឱ្យសមាជិកសភា ក៏ដូចជាសាខាផ្សេងទៀតនៃ អាជ្ញាធររបស់ប្រទេសនេះ ធ្វើការយ៉ាងសកម្ម ជាជាងព្យាយាម “រង់ចាំ” រយៈពេលដ៏លំបាកនេះ។ លោកបានសង្កត់ធ្ងន់ថា គោលដៅចុងក្រោយគឺបង្កើត “មូលដ្ឋានសម្រាប់ការអភិវឌ្ឍន៍រយៈពេលវែង ឯករាជ្យ និងជោគជ័យនៃប្រទេសរបស់យើង”។
លោក ពូទីន បានកត់សម្គាល់ទៀតថា ប្រព័ន្ធការទូតអន្តរជាតិត្រូវបាន បំផ្លាញទៅវិញយ៉ាងខ្លាំង គិតត្រឹមចុង ដោយ “ប្រទេសមួយចំនួន” បានដាក់ “ច្បាប់” របស់ពួកគេជំនួសវិញ។ “ដៃគូរបស់យើង ឬគេអាចនិយាយបានថា អតីតដៃគូរួចហើយ នៅក្នុងប្រទេសមួយចំនួន កំពុងបំផ្លាញក្របខ័ណ្ឌច្បាប់ និងបណ្តាញទំនាក់ទំនងដោយចេតនា ដោយព្យាយាមដាក់ទស្សនៈរបស់ពួកគេ និងអ្វីដែលគេហៅថា ច្បាប់សម្រាប់មនុស្សគ្រប់គ្នា។ តើមានច្បាប់អ្វីខ្លះ? … គ្មាននរណាម្នាក់បានឃើញពួកគេទេ” ។
ក្នុងពេលជាមួយគ្នានេះ រុស្ស៊ីមិនចង់ចូលទៅក្នុងភាព “ឯកោខ្លួនឯង” ផងដែរ ហើយនៅតែត្រៀមខ្លួន ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ដោយស្មើភាពជាមួយ “ប្រទេសជាមិត្ត” លោកពូទីនបានពន្យល់ថា “យើងនឹងពង្រីកទំនាក់ទំនង ភាពជាដៃគូប្រកបដោយប្រសិទ្ធភាព ស្មើភាព ផលប្រយោជន៍ទៅវិញទៅមក និងផ្តាច់មុខជាមួយបណ្តា ប្រទេសជាមិត្តនៅអឺរ៉ាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន ៕
ប្រែសម្រួលៈ ណៃ តុលា