បរទេស៖ សារព័ត៌មាន RIA Novosti បានរាយការណ៍ថា ប៉ូលីស និងមន្ត្រីទីក្រុងប៉ូឡូញ បានបង្ខំចូលទៅក្នុងសាលារៀនមួយដែលគ្រប់គ្រងដោយស្ថានទូតរុស្ស៊ីនៅទីក្រុង Warsaw នៅថ្ងៃសៅរ៍។ ទីភ្នាក់ងារព័ត៌មានបានរាយការណ៍ថា មន្ត្រីរុស្ស៊ីត្រូវបានបញ្ជាឲ្យបើកទ្វារ ប៉ុន្តែមន្រ្តីទាំងនោះបានបដិសេធមិនធ្វើតាមនោះទេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា វីដេអូពីកន្លែងកើតហេតុ បង្ហាញពីបុរសម្នាក់ស្លៀកសំលៀកបំពាក់ធម្មតា បើកទ្វារខាងមុខ ដោយប្រើដែកគាស់ អនុញ្ញាតឱ្យមន្រ្តីឯកសណ្ឋាន ចូលទៅក្នុងបរិវេណសាលា។
យោងតាម RIA មន្ត្រីប៉ូឡូញបន្ទាប់មក គឺបានចាក់សោទ្វារដើម្បី “ការពារ ការដកយកទ្រព្យសម្បត្តិ”ណាមួយ ចេញពីអគារ។
RIA Novosti បានផ្សាយទៀតថា អាជ្ញាធរបានប្រាប់បុគ្គលិកសាលាឱ្យចាកចេញពីអគារនៅម៉ោង៦ល្ងាចម៉ោងក្នុងស្រុក។
សូមជម្រាបផងដែរថា កាលពីឆ្នាំមុន ប្រទេសប៉ូឡូញបានបង្កកគណនីរបស់ស្ថានទូតរុស្ស៊ី ជាការឆ្លើយតបនឹងប្រតិបត្តិការយោធារបស់ក្រុងម៉ូស្គូនៅអ៊ុយក្រែន។ ឯកអគ្គរដ្ឋទូត រុស្ស៊ី លោក Sergey Andreyev បាននិយាយកាលពីថ្ងៃពុធថា រដ្ឋអាជ្ញាបានរឹបអូសគណនីធនាគាររបស់ស្ថានទូត និងបេសកកម្មពាណិជ្ជកម្មរបស់រុស្ស៊ី។ លោកបានរិះគន់ទង្វើនេះថាជាការរំលោភយ៉ាងខ្លាំងនៃអនុសញ្ញាក្រុងវីយែនឆ្នាំ ១៩៦១ ស្ដីពីទំនាក់ទំនងការទូត៕
ប្រែសម្រួលៈ ណៃ តុលា