ព័ត៌មានជាតិ

គណបក្សប្រជាជនកម្ពុជា ធ្វើបទបង្ហាញពីបច្ចុប្បន្នភាពស្ថានភាព នយោបាយ សេដ្ឋកិច្ច និងសង្គមកម្ពុជា

ភ្នំពេញ៖គណបក្សប្រជាជនកម្ពុជា បានធ្វើបទបង្ហាញពីបច្ចុប្បន្នភាពស្ថានភាព នយោបាយ សេដ្ឋកិច្ច និងសង្គមកម្ពុជាដល់សមាជិកខ្លួន។​ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថាស្ថានភាពនយោបាយ បច្ចុប្បន្នរបស់កម្ពុជា កំពុងស្ថិតក្នុងស្ថានភាពល្អ និងអំណោយផលសម្រាប់គណបក្សប្រជាជន ដែលបក្សកាន់អំណាច។​

សម្ដេច​ ម៉ែន សំអន​ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីភាព ប្រកាសបើកពិធីជួបជុំរចនាសម្ព័ន្ធ គណៈចលនាមហាជនទូទាំងប្រទេស ឆ្ពោះទៅកាន់ការបោះឆ្នោត ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣នៅវិមាន៧មករា។​

ក្នុងឱកាសនោះដែរ លោក​ ហ៊ុន ម៉ានី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងធ្វើរបាយការណ៍ អំពីដំណើរការនៃការរៀបចំ និងគោលបំណង នៃពិធីជំនួបនាពេលនេះ ព្រមទាំងប្រធានបទនៃបទបង្ហាញសំខាន់ៗ ដែលនឹងប្រព្រឹត្តទៅក្នុងកិច្ចប្រជុំ រយៈពេល១ថ្ងៃពេញនេះ។

ពិធីជួបជុំរចនាសម្ព័ន្ធគណៈចលនាមហាជន ទូទាំងប្រទេសនាឱកាសនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងសំខាន់ដើម្បីធ្វើបច្ចុប្បន្នភាព និងចែករំលែកដល់រចនាសម្ព័ន្ធ របស់គណៈចលនាមហាជនទូទាំងប្រទេស នូវស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងបទពិសោធន៍ក្នុងការតាមដាន វាយតម្លៃ និងគ្រប់គ្រងសមរភូមិសតិអារម្មណ៍ ក៏ដូចជាកិច្ចការមហាជនសំខាន់ៗ ដែលត្រូវយកចិត្តទុកដាក់ សម្រាប់ដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

មានប្រសាសន៍ក្នុងឱកាសនេះ សម្ដេច​ ម៉ែន សំអន បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ នៃរចនាសម្ព័ន្ធគណៈចលនាមហាជន ព្រមទាំងអង្គការចាត់តាំងបក្សនានា ដែលបានរួមចំណែកដ៏មានសារៈសំខាន់ ក្នុងការរក្សាប្រៀបខ្លាំងនិងប្រៀបឈ្នះ របស់គណបក្សប្រជាជនកម្ពុជា លើការបោះឆ្នោតនាពេលកន្លងមក។

សម្ដេច​ ម៉ែន សំអន បានគូសបញ្ជាក់ថា៖ «ស្ថានភាពនយោបាយបច្ចុប្បន្នរបស់កម្ពុជា កំពុងស្ថិតក្នុងស្ថានភាពល្អ និងអំណោយផល ដែលតាំងពីឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជា បានក្តាប់នូវអំណាចពេញដៃទាំងស្រុង ក្នុងការដឹកនាំប្រទេស ចាត់ចែងកិច្ចការផ្ទៃក្នុង ក៏ដូចជាការរៀបចំកំណែទម្រង់ផ្សេងៗ ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន»។

ជាមួយគ្នានេះ សម្ដេចក៏បានលើកទឹកចិត្តឱ្យសមាជិក សមាជិកាទាំងអស់ បន្តចូលរួមធ្វើយ៉ាងណា ឱ្យគណបក្សប្រជាជនកម្ពុជា នៅតែបន្តរក្សាប្រៀបឈ្នះនាពេលខាងមុន និងអាណត្តិបន្តបន្ទាប់ទៀត។

សូមជម្រាបថា ពិធីជួបជុំរចនាសម្ព័ន្ធគណៈចលនាមហាជន ទូទាំងប្រទេសឆ្ពោះទៅកាន់ការបោះឆ្នោត ឆ្នាំ២០២៣ នេះ នឹងប្រព្រឹត្តទៅរយៈពេលមួយថ្ងៃពេញ និងមានការធ្វើបទបង្ហាញចំនួន ០៣ ដែលនឹងផ្តល់ជាពិសោធ និងចំណេះដឹងថ្មីៗបន្ថែម ទៅលើបច្ចុប្បន្នភាពស្ថានភាព នយោបាយ សេដ្ឋកិច្ច និងសង្គមកម្ពុជា, បទពិសោធក្នុងការតាមដាន វាយតម្លៃ និងគ្រប់គ្រងសមរភូមិសតិអារម្មណ៍ និងការងារមហាជនសំខាន់ៗ ឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៣៕

To Top