វ៉ាស៊ីនតោន៖ កងទ័ពជើងទឹកអាមេរិកបានបញ្ជាក់ថា នាវាផ្ទុកយន្តហោះដើរដោយថាមពល នុយក្លេអ៊ែររបស់ខ្លួន ឈ្មោះ George Washington នឹងត្រូវដាក់ពង្រាយជាលើកទីពីរ ទៅកាន់មូលដ្ឋានទ័ពជើងទឹក Yokosuka ក្បែរទីក្រុងតូក្យូក្នុងឆ្នាំ២០២៤ ដោយជំនួសនាវា Ronald Reagan ។
ការជំនួសនាវា Ronald Reagan ដែលបច្ចុប្បន្នកំពុងឈរជើងនៅមូលដ្ឋាននេះ កំពុងប្រព្រឹត្តទៅដោយសារតែការដាក់ពង្រាយនាវាកងទ័ពជើងទឹក នៅក្រៅប្រទេសត្រូវបានកំណត់ត្រឹម ១០ ឆ្នាំក្រោមច្បាប់របស់សហរដ្ឋអាមេរិក។
នាវាផ្ទុកយន្ដហោះ George Washington ត្រូវបានដាក់ពង្រាយទៅកាន់មូលដ្ឋាននៅក្នុងខេត្ត Kanagawa ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៥ ដែលជាការដាក់ពង្រាយជាអចិន្ត្រៃយ៍ជាលើកដំបូងនៃនាវាផ្ទុកថាមពលនុយក្លេអ៊ែរនៅកំពង់ផែជប៉ុន។
នាវា Ronald Reagan ដែលឈរជើងនៅមូលដ្ឋានតាំងពីឆ្នាំ២០១៥ នឹងបញ្ចប់សេវាកម្មរបស់ខ្លួននៅនិទាឃរដូវឆ្នាំក្រោយ ហើយផ្លាស់ប្តូរទីតាំងទៅកាន់រដ្ឋ Washington នេះបើយោងតាមកងទ័ពជើងទឹកអាមេរិក។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនាវា Ronald Reagan បានចូលរួមក្នុងសមយុទ្ធជាមួយកងកម្លាំងស្វ័យការពាររបស់ជប៉ុន និងយោធាកូរ៉េខាងត្បូង ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយសារតែកូរ៉េខាងជើង ធ្វើការសាកល្បងកាំជ្រួចជាបន្តបន្ទាប់ ហើយចិន កាន់តែមានការអះអាងផ្នែកយោធាកាន់តែខ្លាំងឡើង នៅក្នុងតំបន់។
អភិបាលក្រុង Yokosuka លោក Katsuaki Kamiji បានលើកឡើងថា “វាមានសារៈសំខាន់ណាស់ក្នុងការរក្សាវត្តមានរបស់កងទ័ពជើងទឹកសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់របស់ប្រទេសជប៉ុន” ខណៈពេលដែលការអំពាវនាវឱ្យមានស្តង់ដារសុវត្ថិភាពខ្ពស់ក្នុងប្រតិបត្តិការនាវាដើរដោយថាមពលនុយក្លេអ៊ែរ។
នៅក្នុងនោះដែរលោក Masahiko Goto មេធាវីដែលបានដោះស្រាយបញ្ហាជាច្រើនទាក់ទងនឹងមូលដ្ឋានយោធាអាមេរិក នៅក្នុងប្រទេសជប៉ុនបានចេញសេចក្តីថ្លែងការណ៍មួយបង្ហាញពីការប្រឆាំងយ៉ាងខ្លាំង ចំពោះការដាក់ពង្រាយនាវាផ្ទុកយន្តហោះអាមេរិកជាអចិន្ត្រៃយ៍ទៅកាន់ទីក្រុង Yokosuka៕ ប្រែសម្រួល ឈូក បូរ៉ា