បរទេស៖ យោងតាមការប្រមូលទិន្នន័យចុងក្រោយ ដោយការិយាល័យស្ថិតិរបស់សហព័ន្ធ នៃប្រទេសរុស្សីឬ Rosstat បានបង្ហាញថាការជីកយករ៉ែមាស របស់ប្រទេសបានទទួលកំណើន ដល់២៦,៥ភាគរយធៀបទៅនឹងពេលវេលាដូចគ្នា កាលពីឆ្នាំទៅក្នុងខែមិនាននេះ។
ធៀបទៅនឹងខែកុម្ភៈផលិតកម្មផលិតមាសរបស់ប្រទេសរុស្សី បានកើនឡើងខ្លាំងដល់ទៅជាង៣០ភាគរយ ហើយគិតត្រឹមត្រីមាសដំបូងឆ្នាំនេះ កំណើននេះមានអត្រាកើនឡើងប្រមាន ជា៩,១ភាគរយ ធៀបទៅនឹងត្រីមាសកាលពីចុងឆ្នាំ២០២២។
ក្រៅពីនោះគេសង្កេតឃើញថា ការជីកយករ៉ែលោហៈផ្សេងទៀត ដូចជាប្រាក់ប្លាក់ទីននិងប៉ាឡាដ្យូមជាដើម របស់រុស្សិ ក៏មានកំណើនដល់ទៅ១៤,១ភាគរយផងដែរ គិតត្រឹមខែមិនា។
ក្រសួងហិរញ្ញវត្ថុបានបង្ហាញថា តំរូវការមាសបានឡើងដល់ចំណុចខ្ពស់បំផុត ពីសំណាក់ប្រជាពលរដ្ឋរបស់ខ្លួន ដោយពួកគេបានវិនិយោគនិងទិញមាសសុទ្ធ ដល់ទៅ៧៥តោន គិតត្រឹមឆ្នាំ២០២២ប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី