បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ថា រុស្ស៊ី បានបើកការវាយប្រហារដោយមីស៊ីល និងកាំភ្លើងធំជាបន្តបន្ទាប់ ទៅលើប្រទេសអ៊ុយក្រែន ដែលជាការវាយប្រហារមុនថ្ងៃរះជាលើកទី២ ហើយនៅក្នុងរយៈពេល៣ថ្ងៃជាប់ៗគ្នាមកនេះ ។
មនុស្សម្នាក់បានស្លាប់នៅក្នុងតំបន់ Kherson ហើយមនុស្ស២៥នាក់ រួមទាំងកុមារ៣នាក់ បានរងរបួសនៅក្នុងទីក្រុង Dnipropetrovsk ។
កងកម្លាំងប្រដាប់អាវុធរបស់ អ៊ុយក្រែនបានឲ្យដឹងថា មីស៊ីលចំនួន១៥គ្រាប់ នៅក្នុងចំណោម១៨គ្រាប់ ដែលត្រូវបានបាញ់ត្រូវបានស្ទាក់ចាប់ ដោយប្រព័ន្ធការពារដែនអាកាស របស់ប្រទេសអ៊ុយក្រែន ។
គោលដៅសំខាន់មួយគឺទីក្រុង Pavlohrad ជិត Dnipro មន្ត្រីលើកបន្តុបដោយរុស្ស៊ី បានឲ្យដឹងថា ធនធានសម្រាប់ការវាយលុក របស់អ៊ុយក្រែនត្រូវបានវាយប្រហារហើយ ។
ដោយបានសរសេរនៅលើបណ្តាញសង្គម Telegram ជាមួយនឹងកាយវិការលើកមេដៃ លោក Vladimir Rogov បានថ្លែងថា មីស៊ីលបានកំណត់គោលដៅលើ ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក និងឃ្លាំងផ្ទុកប្រេងឥន្ធនៈ ។
អគារខ្ពស់ៗចំនួន១៩ខ្នង ផ្ទះឯកជនចំនួន២៥ខ្នង សាលារៀនចំនួន៦ខ្នង និងសាលាមត្តេយ្យ និងហាងចំនួន៥កន្លែង ក៏ត្រូវបានខូចខាតផងដែរ ។
យោធាអ៊ុយក្រែន បានលើកឡើងអំពីការវាយលុកដ៏ធំមួយ មួយរយៈមកហើយ ដោយមិនបានបញ្ជាក់ពីទីកន្លែង និងពេលណាមួយដែលការវាយប្រហារនោះ អាចត្រូវបានចាប់ផ្តើមឡើងនោះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា