ព័ត៌មានជាតិ

លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងពិធីពិសារអាហារសាមគ្គី របស់គណៈចលនាមហាជនទូទាំងប្រទេស នៃគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ នាល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួម ក្នុងពិធីពិសារអាហារសាមគ្គីរបស់គណៈចលនាមហាជនទូទាំងប្រទេស នៃគណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសដែលប្រកបដោយភាពអធិកអធម និងរីករាយនោះ លោកបណ្ឌិត បានសម្តែងនូវការអរគុណចំពោះវត្តមានរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិការចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេស នៃគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលពិតជាបង្ហាញយ៉ាងច្បាស់អំពីស្មារតី និងការប្តេជ្ញាចិត្តរួមនៅក្នុងការពង្រឹងឧត្តមភាព និងប្រជាប្រិយភាពរបស់គណបក្ស ក៏ដូចជាការពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងភាពជាបងប្អូនដ៏ស្និទ្ធស្នាលនៅក្នុងមហាគ្រួសារគណបក្សប្រជាជនកម្ពុជាផងដែរ។

លោក បណ្ឌិត ក៏បានសង្កត់ធ្ងន់ថា៖ «ក្រោមការដឹកនាំរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន និងដោយមានការចូលរួមទាំងកម្លាំងកាយចិត្ត, បញ្ញាស្មារតី និងធនធានរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគ្រប់លំដាប់ថ្នាក់នៃរចនាសម្ព័ន្ធគណៈចលនាមហាជន, គឺបានញ៉ាំងឱ្យគណៈចលនាមហាជនក្លាយជារចនាសម្ព័ន្ធចាត់តាំងដ៏រឹងមាំ និងសកម្ម នៅក្នុងការចាត់តាំងអនុវត្តកម្មវិធីនយោបាយ, ការប្រមូលផ្តុំកម្លាំងគាំទ្រ និងការបន្តកសាងសមាជិកគណបក្សបន្ថែម ក៏ដូចជាការយកចិត្តទុកដាក់ដល់ជីវភាព និងផលប្រយោជន៍របស់ប្រជាជន មហាជន គ្រប់ស្រទាប់»។ លោកបណ្ឌិត ក៏បានបន្តទៀតថា « កម្លាំងសាមគ្គឺភាពនេះ ក៏ជាមូលដ្ឋានគ្រឹះដ៏រឹងមាំរបស់យើង ​នៅក្នុងការថែរក្សាសមិទ្ធផលរបស់គណបក្ស និង សមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា, ក៏ដូចជាការបន្តកសាងសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់ជាតិមាតុភូមិ និង ប្រជាជនរបស់យើង ដើម្បីបន្តការរស់នៅក្រោមម្លប់នៃសេចក្តីសុខ, សន្តិភាព, ស្ថិរភាព, សុវត្ថិភាព, សេរីភាព, និងសេចក្តីថ្លៃថ្នូរ។»

ជាចុងក្រោយ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានជំរុញលើកចិត្តឱ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីប្រមូលការគាំទ្រ និងការជឿជាក់របស់ប្រជាជនចំពោះបុព្វហេតុ និងគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលត្រូវបានប្រកាន់ខ្ជាប់ និងអនុវត្តដោយជោគជ័យរួចមកហើយក្នុងរយៈកាលប្រមាណជាង ៤០ ឆ្នាំកន្លងមកនេះ រហូតប្រទេសជាតិទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនសុខសាន្ត ដូចពេលបច្ចុប្បន្ន៕

To Top