ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីស៊ីរី សាទរការគាំទ្ររបស់ចិន ថាជាតួនាទីបង្កើត សន្តិភាពនៅមជ្ឈិមបូព៌ា

ដាម៉ាស់៖ ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានសាទរចំពោះជំហរគាំទ្ររបស់ ចិនចំពោះស៊ីរី និងតួនាទីរបស់ខ្លួនក្នុងការដោះ ស្រាយបញ្ហាក្នុងតំបន់សំខាន់ៗ រួមទាំងការផ្សះផ្សាអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតផងដែរ។

លោក Assad បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងកិច្ចប្រជុំរបស់លោកជាមួយបេសកជនពិសេសរបស់ប្រទេសចិន ទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ា លោក Zhai Jun ក្នុងរដ្ឋធានីដាម៉ាស់កាលពីថ្ងៃសៅរ៍។

លោក Assad បានលើកឡើងថា ប្រទេសស៊ីរីកោតសរសើរ ចំពោះការគាំទ្រយ៉ាងម៉ឺងម៉ាត់របស់ប្រទេសចិន ក្នុងបញ្ហាទាក់ទង នឹងឯករាជ្យជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី ​នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកប្រធានាធិបតីបានបន្ដថា ប្រទេសស៊ីរី ទន្ទឹងរង់ចាំការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយប្រទេសចិន ក្នុងវិស័យផ្សេងៗក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។

ទន្ទឹមនឹងនោះ លោក Assad បានអបអរសាទរចំពោះប្រទេសចិន ដែលទទួលបានជោគជ័យក្នុងការ សម្រុះសម្រួល ការផ្សះផ្សាអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ដោយលើកឡើងថា វានឹងមានឥទ្ធិពលសំខាន់ និងវិជ្ជមានលើស្ថានភាពក្នុងតំបន់ និងអន្តរជាតិ។

ដោយសម្តែងការកោតសរសើរ ចំពោះតួនាទីវិជ្ជមានរបស់ចិន ក្នុងការលើកកម្ពស់ទំនាក់ទំនងរបស់ប្រទេសស៊ីរី ជាមួយប្រទេសអារ៉ាប់ផ្សេងទៀត លោក Assad បានបន្ថែមថា ប្រទេសចិន ស្វាគមន៍ក្នុងការដើរ តួនាទីកាន់តែធំ ក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។

រីឯខ្លួនវិញ លោក Zhai បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងចិន-ស៊ីរី បានបន្តអភិវឌ្ឍ ហើយការជឿទុកចិត្តគ្នាខាងនយោបាយ ត្រូវបានពង្រឹងជាបន្តបន្ទាប់ ដោយសង្កត់ធ្ងន់ថា ចិនមានឆន្ទៈ ក្នុងការធ្វើការ ជាមួយស៊ីរី ដើម្បីគាំទ្រគ្នាទៅវិញទៅមកយ៉ាងម៉ឺងម៉ាត់ក្នុងបញ្ហានៃប្រទេសទាំងពីរ ផលប្រយោជន៍ស្នូល និងជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពរវាងភាគីទាំងពីរ ដើម្បីសម្រេចបាននូវវឌ្ឍនភាពថ្មី៕

ប្រែសម្រួល ឈូក បូរ៉ា

To Top