បរទេស៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយថា ប្រទេសអាល្លឺម៉ង់មិនអនុញ្ញាតឱ្យ អ៊ុយក្រែន កំណត់គោលដៅលើទឹកដីរុស្ស៊ី ជាមួយនឹងអាវុធដែលទីក្រុងប៊ែរឡាំង បានផ្គត់ផ្គង់ ដល់ទីក្រុងគៀវនោះទេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Scholz បានសង្កត់ធ្ងន់ អំឡុងពេលកិច្ចប្រជុំនៅភាគខាងលិចនៃរដ្ឋ Rhineland-Palatinate កាលពីថ្ងៃច័ន្ទថា រដ្ឋាភិបាលអាល្លឺម៉ង់មិនបានចាត់វិធានការឯកតោភាគីណាមួយនៅពេលនិយាយអំពីអាវុធដល់អ៊ុយក្រែនទេ ហើយគ្រាន់តែធ្វើសកម្មភាពក្នុងការសម្របសម្រួលជាមួយសម្ព័ន្ធមិត្ត។ លោកបានបន្ថែមថា ទីក្រុងប៊ែកឡាំងមានបំណងប្រកាន់ខ្ជាប់នូវគោលនយោបាយនោះនាពេលអនាគត។
អធិការបតីអាល្លឺម៉ង់រូបនេះបាននិយាយថា “វាមានសារៈសំខាន់សម្រាប់ពួកយើង ដែលអាវុធដែលយើងផ្គត់ផ្គង់ឱ្យអ៊ុយក្រែន ដើម្បីការពារខ្លួន ដោយមិនត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារលើទឹកដីរុស្ស៊ីនោះទេ”។
លោក Scholz បានសង្កត់ធ្ងន់ថា ខណៈពេលដែលកំពុងជួយដល់ទីក្រុងគៀវ ជាមួយនឹងអាវុធ រួមទាំងរថក្រោះប្រយុទ្ធសំខាន់ Leopard 2, ទីក្រុងប៊ែកឡាំង ក៏កំពុងធ្វើអ្វីគ្រប់យ៉ាងដើម្បីបញ្ជៀសការកើនឡើងដែលអាចនាំឱ្យមានការប៉ះទង្គិចដោយផ្ទាល់រវាងអង្គការ ណាតូ និងទីក្រុងមូស្គូ៕
ប្រែសម្រួលៈ ណៃ តុលា