ព័ត៌មានជាតិ

ទីក្រុងស៊ូម៉ាត្រាខាងលិច នៃប្រទេសម៉ាឡេស៊ី មានបំណងចងសម្ព័ន្ធមេត្រីភាព ជាមួយរាជធានីភ្នំពេញ

ភ្នំពេញ៖ ទីក្រុងស៊ូម៉ាត្រាខាងលិច នៃប្រទេសម៉ាឡេស៊ី មានបំណងចងសម្ព័ន្ធមេត្រីភាព ជាមួយរាជធានីភ្នំពេញ ដើម្បីពង្រីកវិស័យអប់រំសេដ្ឋកិច្ច ទេសចរណ៍ ពាណិជ្ជកម្មនិងវប្បធម៌ ឲ្យកាន់តែល្អថែមទៀត ។ នេះជាការលើកឡើងរបស់លោក ម៉ាយែលឌី អាន់ស្សារូឡា (Mahyeldi Ansarullha) អភិបាលខេត្តស៊ូម៉ាត្រាខាងលិច ខណៈជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាល្ងាចថ្ងៃ២ ឧសភា ។

លោក ម៉ាយែលឌី អាន់ស្សារូឡា បានលើកឡើងថា “ការចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងទាំងពីរ ធ្វើឲ្យយើងអាចធ្វើការរួមគ្នា និងធ្វើឲ្យទំនាក់ទំនងនៃប្រទេសទាំងពីរ កាន់តែល្អប្រសើរ ពិសេសទីក្រុងស៊ូម៉ាត្រាខាងលិច និងរាជធានីភ្នំពេញ ទាំងលើវិស័យអប់រំ សេដ្ឋកិច្ច ទេសចរណ៍ ពាណិជ្ជកម្មនិងវប្បធម៌ជាដើម”។

លោកបញ្ជាក់ដែរថា នៅដើមខែសីហា ឆ្នាំ២០២៣ខាងមុខ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា គ្រោងអញ្ជើញធ្វើទស្សនកិច្ច នៅទីក្រុងស៊ូម៉ាត្រាខាងលិច ។ ក្នុងឱកាសនោះ នឹងចង់រៀបចំឯកសាររដ្ឋបាល ដើម្បីចងសម្ព័ន្ធមេត្រីភាព ជាមួយនឹងរដ្ឋបាលរាជធានីភ្នំពេញតែម្ដង ដោយលោកក៏នឹងអញ្ជើញ អភិបាលរាជធានីភ្នំពេញ ទៅបំពេញទស្សនកិច្ចនៅពេលនោះដែរ។

លោកម៉ាយែលឌី អាន់ស្សារូឡា ក្នុងឱកាសនោះដែរ ក៏បានសំដែងការអបអរសាទរ ចំពោះសម្តេចតេជោនាឱកាសសម្ដេច ទទួលបានគោរមងារកិត្តិយស “ពុទ្ធមាមកាភិបាល” ពីអង្គការពុទ្ធសាសនិកពិភពលោក និង “បណ្ឌិតកិត្តិយសផ្នែកមនុស្សសាស្រ្ត” កាលពីព្រឹកថ្ងៃ២ ឧសភា ។ ការទទួលគោរមងារកិត្តិយសនេះ គឺពិតជាស័ក្កសមណាស់ ដោយសម្ដេចមិនត្រឹមតែមានស្នាដៃ ក្នុងការស្វែងរកសន្តិភាព ជូនកម្ពុជាប៉ុណ្ណោះទេ តែសម្តេច បានធ្វើឲ្យកម្ពុជា មានសុខដុមរមនាសាសនាថែមទៀត។ បន្ថែមពីនេះ លោកម៉ាយែលឌី អាន់ស្សារូឡា ក៏បានថ្លែងការកោតសរសើរ ចំពោះភាពរីកចម្រើនរបស់រាជធានីភ្នំពេញ ដោយមានទាំងអគារខ្ពស់ៗជាច្រើន ជាមួយនឹងទីផ្សារទំនើបៗ។

ឆ្លៀតក្នុងឱកាសនោះ លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ គឺមានគោលបំណងចង់ចងសម្ព័ន្ធមេត្រីភាព ជាមួយទីក្រុងនានាទាំងអស់នៅលើពិភពលោក ។ កន្លងមកនេះបានចងសម្ព័ន្ធមន្ត្រីភាព ជាមួយជាទីក្រុងជាច្រើនរួចហើយ មានទាំងទីក្រុងប៉ារីស ទីក្រុងឡុងប៊ិច ទីក្រុងមួយចំនួននៅប្រទេសប្រទេសចិន ទីក្រុងបាងកក ទីក្រុងហាណូយ និងហូជីមីញជាដើម និងមានការិយាល័យ ទីក្រុងប្រើប្រាស់ភាសាបារាំង នៅរាជធានីភ្នំពេញ ថែមទៀតផង ។

ពាក់ព័ន្ធនឹងការចងសម្ព័ន្ធមេត្រីភាព រវាងទីក្រុងស៊ូម៉ាត្រាខាងលិច និងរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្ដេចតេជោបានឯកភាពហើយ ពោលគឺនៅសល់តែទីក្រុងទាំងពីរ រៀបចំជាឯកសាររដ្ឋបាល ដើម្បីចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាតែប៉ុណ្ណោះ។ នៅដើមខែសីហាឆ្នាំ២០២៣ខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់ឲ្យអភិបាលរងទទួលបន្ទុក ទៅទំនាក់ទំនងលើការងាររដ្ឋបាល នៃការចងសម្ព័ន្ធមេត្រីភាព ជាមួយនឹងទីក្រុងស៊ូម៉ាត្រាខាងលិចនេះ៕

To Top