ព័ត៌មានជាតិ

លោក ខៀវ កាញារីទ្ធ ៖ តើ កីឡាបាល់ទាត់កម្ពុជា ពេលនេះ ឡើងដល់កម្រិតណា?

ភ្នំពេញ៖ បញ្ចប់ការប្រកួតចំនួន២ក្រុម នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ រវាងក្រុមកីឡាករជម្រើសជាតិកម្ពុជា វ័យក្រោម២២ឆ្នាំ ជាមួយក្រុមកីឡាករជម្រើសជាតិ វ័យក្រោម២២ឆ្នាំដូចគ្នា របស់ទីម័រឡេសនិងហ្វីលីពីន លទ្ធផលគួរឲ្យកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមកីឡាករជម្រើសជាតិកម្ពុជាដែលទទួលបាន៤ពិន្ទុ ដើម្បីឈានឆ្ពោះទៅរកវគ្គបន្ទាប់។

ចំពោះលទ្ធផលខាងលើ ត្រូវបានថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធផ្សេងៗ ជាពិសេសក្រុមអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ចេញមកវិនិច្ឆ័យ ដោយមានទាំងភាពវិជ្ជមាន និងអវិជ្ជមានផងដែរ។

ត្រង់ចំណុចនេះ « តើ កីឡាបាល់ទាត់កម្ពុជា ពេលនេះឡើងដល់កម្រិតណា?»។ នេះជាសំណេរលោក ខៀវ កាញារីទ្ធ ចោទជាសំណួរ។

សំណេរលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ លោក ខៀវ កាញារីទ្ធ បានសរសេរនិងចោទជាសំណួរយ៉ាងដូច្នេះថា «នឹកឃើញកម្ពុជា យើងចេញទៅប្រកួតបាល់ទាត់ កីឡាស៊ីហ្គេមដំបូង (មិនចាំឆ្នាំ ដឹងតែថាក្រោយបោះឆ្នោត ១៩៩៣) ពេលប្រកួតជាមួយហ្វីលីពីន គេស៊ីយើង ១០-០ ។ មកមើលពេលនេះវិញ បានយើងដឹងថា ក្រុមបាល់ទាត់យើងឡើងដល់កម្រិតណា» ។

សូមបញ្ជាក់ថា ក្នុងជំនួបទាំងពីរ កម្ពុជាបានយកឈ្នះទីម័រខាងកើត ក្នុងលទ្ធផល ៤-០ និងស្មើជាមួយហ្វីលីពីន ក្នុងលទ្ធផល១-១។

តាមរយៈលទ្ធផលខាងលើ ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា វ័យក្រោម២២ឆ្នាំ នៅតែបន្តឈរកំពូលតារាងបន្ទាប់ពីរកបាន៤ពិន្ទុ ៕

To Top