ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់កើនឡើង ដល់ជាង ៥៥០នាក់ ខណៈដែលជម្លោះប្រដាប់អាវុធ នៅតែបន្តកើតមាន នៅក្នុងប្រទេសស៊ូដង់

កាធុម ៖ ខណៈដែលជម្លោះប្រដាប់អាវុធ នៅតែបន្តរវាងកងកម្លាំង ប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) ក្រសួងសុខាភិបាល នៃប្រទេស ស៊ូដង់ បានប្រកាសថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង ៥៥០នាក់ហើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “ការស្លាប់ចំនួនជាង ៥៥០ នាក់ និង របួស ៤៩២៦ នាក់ត្រូវបានកត់ត្រា នៅក្នុងមន្ទីរពេទ្យទាំងអស់នៅក្នុងរដ្ឋស៊ូដង់” ដោយបន្ថែមថាស្ថានភាព បានស្ងប់ស្ងាត់នៅក្នុងរដ្ឋទាំងអស់ លើកលែងតែទីក្រុងកាធុម និង Central Darfur ។

ទោះបីជាមានបទឈប់បាញ់លើកទីប្រាំមួយរយៈពេល ៧២ ម៉ោងក៏ដោយ ការប៉ះទង្គិចគ្នាជាបន្តបន្ទាប់បានបន្តរវាង SAF និង RSF នៅក្នុងតំបន់ផ្សេងៗក្នុងរដ្ឋធានីកាធុម និង Omdurman នៃប្រទេសស៊ូដង់។

សាក្សីបានឃើញផ្ទាល់ភ្នែកបានឲ្យដឹងថា SAF បានធ្វើការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លាប្រឆាំង នឹងទីតាំង RSF នៅ Bahri ភាគខាងជើងទីក្រុងកាធុម និងភាគខាងលិចនៃទីក្រុង Omdurman និងជុំវិញបញ្ជាការទូទៅ របស់កងទ័ពនៅកណ្តាលទីក្រុង កាធុម ។

ទន្ទឹមនឹងនោះ RSF បានចោទប្រកាន់ SAF ថាបានរំលោភលើបទឈប់បាញ់មនុស្សធម៌។នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ RSF បានឲ្យដឹងថា ខ្លួនអាចបាញ់ ទម្លាក់យន្តហោះយោធា SAF ប៉ុន្តែការិយាល័យអ្នកនាំពាក្យរបស់ SAF មិនអាចទាក់ទង ដើម្បីធ្វើការអត្ថាធិប្បាយ លើការអះអាងនេះបានទេ។

ទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែង ក្នុងតំបន់ ដើម្បីស្វែងរកដំណោះស្រាយ ចំពោះជម្លោះប្រដាប់អាវុធនៅស៊ូដង់ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាន រាយការណ៍ពីគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីស៊ូដង់ខាងត្បូងលោក Salva Kiir Mayardit សម្រាប់ការឈានដល់បទឈប់បាញ់រយៈពេល ៧ថ្ងៃ។

ក្រសួងការបរទេសស៊ូដង់ខាងត្បូង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេបញ្ជាការ SAF Abdel Fattah Al-Burhan និងមេបញ្ជាការ RSF លោកម៉ូហាមេដ ហាំដាន់ ដាហ្គាឡូ បានទទួលយកគំនិតផ្តួចផ្តើមនេះ។ ទោះ​បី​ជា​យ៉ាង​ណា ភាគី​ទាំង​ពីរ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​លើ​សេចក្តី​ថ្លែងការណ៍​នោះ​ទេ។

ទន្ទឹមនឹងនេះដែរ កងកម្លាំង នៃសេរីភាព និងការផ្លាស់ប្តូរសម្ព័ន្ធ (FFC) ដែលជាសម្ព័ន្ធនយោបាយស៊ីវិលក្នុងប្រទេសស៊ូដង់ កាលពីថ្ងៃអង្គារបានអំពាវនាវ ឱ្យប្រជាជនស៊ូដង់ធ្វើបាតុកម្មទាមទារឱ្យបញ្ចប់ជម្លោះ។

លោក យ៉ាសឺរ អាមមេន អ្នកនាំពាក្យរបស់ FFC បានឲ្យដឹងនៅថ្ងៃអង្គារ ម្សិលមិញនេះថា “ថ្ងៃនេះ សម្ព័ន្ធភាពបានអំពាវនាវ ឱ្យមានការតវ៉ាទ្រង់ទ្រាយធំនៅតំបន់ ដែលមិនរងផលប៉ះពាល់ដោយជម្លោះ ដើម្បីជំរុញឱ្យមានការចរចា និងការបញ្ឈប់សង្គ្រាម” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top