SEA GAME

អ្នកជំនាញវប្បធម៌៖ វប្បធម៌ខ្មែរដ៏សម្បូរបែប នឹងត្រូវចែកចាយក្នុងថ្ងៃបើក សម្ពោធ ព្រឹត្តិការណ៍ស៊ីហ្គេម

ភ្នំពេញ៖ ព្រឹត្តិការណ៍ថ្ងៃបើកសម្ពោធកីឡាស៊ីហ្គេម ដែលកម្ពុជាបានទន្ទឹងរងចាំអស់ជាង ៦០ឆ្នាំ នឹងធ្វើឡើងនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ស្អែកនេះហើយ ។ ទីតាំងប្រារព្ធពិធីបើក នឹងធ្វើឡើងនាពហុកីឡដ្ឋានមរតកតេជោ ដែលមានគណៈប្រតិភូមក ពីប្រទេសជាច្រើនចូលរួម ។ អ្វីដែលជាការរំពឹងទុករបស់ រាជរដ្ឋាភិបាលគឺឲ្យបរទេសស្គាល់ពីខ្មែរ កាន់តែច្បាស់មួយកម្រិតថែមទៀត។ ដូចដែលរាជរដ្ឋាភិបាល រំពឹងទុកនោះក៏មិនខុសគ្នា ពីអ្នកជំនាញខាងវប្បធម៌លើកឡើងដែរគឺថា វប្បធម៌របស់ខ្មែរដូចផូផង់ និងស្នាមញញឹមរបស់ប្រជាពលរដ្ឋខ្មែរ នឹងត្រូវចែករំលែកទៅកាន់ពិភពខាងក្រៅ ដើម្បីទាក់ទាញពួកគេឲ្យស្គាល់កម្ពុជាកាន់តែច្បាស់ ។

កម្ពុជានឹងរៀបចំបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម ក្រោយកម្ពុជាបានរងចាំអស់រយៈពេល ៦៤ឆ្នាំ ។ ព្រឹត្តិការណ៍នេះ នឹងផ្តល់ផលចំណេញដល់កម្ពុជា ខណៈការរៀបចំទាំងអស់ស្ថិតនៅលើ រាជរដ្ឋាភិបាលប្រមាណជាង ១០០លានដុល្លារ រាប់ទាំងថ្លៃស៊ីចាយនានាលើ គណៈប្រតិភូនិងក្រុមកីឡាបរទេស មកចូលប្រកួតដូចអ្វីដែល នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា ទោះបីជាយកថ្លៃចំណាយលើគណៈប្រតិភូ និងកីឡាករបរទេសក៏មិនឲ្យកម្ពុជា ក្លាយជាអ្នកមានបានដែរ ប៉ុន្តែកម្ពុជាអាចចំណេញពេលចេញ ទៅប្រកួតនៅប្រទេសគេក្នុងកីឡាស៊ីហ្គេមនេះ លើកក្រោយគេនឹងមិនគិតថ្លៃចំណាយពីកម្ពុជា ជាពិសេស ចំណេញឲ្យស្គាល់កម្ពុជា ដើម្បីនាំចំណូលចូលជាតិវិញ តាមរយៈភ្ញៀវទេសចរណ៍ ។

មុនមួយថ្ងៃឈានចូលដល់ ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត បើកសម្ពោធកីឡាស៊ីហ្គេម លោកបណ្ឌិត ឈត ប៊ុនថង មន្ដ្រីស្រាវជ្រាវផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិតសភាកម្ពុជា បានផ្តល់បទសំភាសន៍ដល់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា គណៈប្រតិភូដឹកនាំអត្តពលិក មកចូលប្រកួតស៊ីហ្គេមនៅកម្ពុជា អ្វីដែលពួកគេមើលឃើញមុនគេ គឺស្នាមញញឹមរបស់ពលរដ្ឋខ្មែរព្រមទាំងហេដ្ឋារចនា សម្ព័ន្ធនានាតាំងពីចុះពីលើយន្តហោះ និងការទៅដល់កន្លែងស្នាក់នៅ “យើងបានបង្ហាញនូវស្នាមញញឹម និងភាពរួសរាយរាក់ទាក់គារវកិច្ចរបស់យើង” ។

លោកថា “ការធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេមនេះ ជាឱកាសដ៏សំខាន់ដែលកម្ពុជា អាចបង្ហាញនូវវប្បធម៌ដើម្បីឲ្យពិភពលោក កាន់តែស្គាល់ច្បាស់ថែមទៀត នូវអ្វីដែលជាមរតកវប្បធម៌ ដ៏សម្បូរបែបរបស់ យើង”។

សម្រាប់ពិធីបើកសម្ពោធជាផ្លូវការ លោកគូសបញ្ជាក់ពីចំណុចសំខាន់បន្តថា “ពិធីផ្លូវការនេះរឹតតែបញ្ជាក់ បន្ថែមទៀតនូវគារវកិច្ច ស្វាគមន៍ ភាពញញឹមញញែមរបស់ប្រជាពលរដ្ឋ អាជ្ញាធរ គណៈកម្មការដឹកនាំរៀបចំកម្មវិធី ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចំពោះវត្តថ្នាក់ដឹកនាំក៏ដូចជា គណៈប្រតិភូនៃបណ្តាប្រទេសជាសមាជិក របស់អាស៊ានក៏ដូចជាភ្ញៀវផ្សេងៗ ដែលមកចូលរួមក្នុងពិធីសម្ពោធ គាត់នឹងបានឃើញនូវការរៀបចំ សិល្បៈវប្បធម៌មានបទចម្រៀង មានរបាំ និងអ្វីៗជាច្រើនទៀតបន្ថែម ពីអ្វីដែលពួកគាត់បានដឹងពី ប្រព័ន្ធផ្សព្វផ្សាយនានា”។

លោកឲ្យដឹងទៀតថា ពួកគេនឹងកាន់តែមើល ឃើញជាក់ស្តែងនៅលើឆាក នាថ្ងៃបើកសម្ពោធពីអ្វីដែលខ្មែរ មានដែលធ្វើឲ្យពួកគេអង្រួនអារម្មណ៍ ចំពោះមរតកវប្បធម៌ខ្មែរ ដើម្បីពាំនាំទៅកាន់ប្រទេសគេរៀងៗខ្លួន ដើម្បីទាក់ទាញទេសចរណ៍បរទេស មកកម្ពុជាបានចំណូលថែមទៀត ។

ម្យ៉ាងទៀត ផលប្រយោជន៍ពីការប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ លោកថា ក៏ជា លាងជម្រះនូវមន្ទិលសង្ស័យ ចំពោះការឃោសនាអកុសល ពីកម្ពុជាក៏អាចរលុបផងដែរ ក្រោយពួកគេបានមកឃើញផ្ទាល់ ៕

To Top