បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា សហរដ្ឋអាមេរិកបានបដិសេធ មិនបានចូលរួមក្នុងការរៀបចំផែនការ ក្នុងការវាយប្រហារដោយដ្រូន ទៅលើវិមានក្រមឡាំងកាលពីថ្ងៃពុធ ដែលមានបំណងសំខាន់ ដើម្បីធ្វើអត្តឃាតទៅលើ លោកប្រធានាធិបតីរុស្សី Vladimir Putin។
ប្រភពដដែលបានបន្តទៀតថា នៅក្រោយមួយថ្ងៃដែលបានចោទប្រកាន់ ប្រទេសអ៊ុយក្រែនថាបានរៀបចំផែនការ វាយប្រហារសម្លាប់លោក Putin នោះអ្នកនាំពាក្យរបស់លោក Putin ក៏បានចេញមកបញ្ជាក់ទៀតថា រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនក៏ជាអ្នកចូលរួមគំនិត និងគាំទ្រចំពោះផែនការនេះផងដែរ។
ទោះបីជាយ៉ាងណាក្តីអ្នកនាំពាក្យ របស់ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Kirby បានហៅការអះអាងរបស់ ប្រទេសរុស្សីនេះថា គឺជាការអះអាងដែលឡូយពេកហើយ ខណៈដែលអ៊ុយក្រែនបានបដិសេធថា មិនមានមូលហេតុអ្វីដែលត្រូវរៀបចំ ការវាយប្រហារបែបនេះនោះទេ ដោយសារតែលោក Putin មិនស្ថិតនៅពីខាងក្នុងអគារនោះផង។
លើសពីនេះភាគីខាងអ៊ុយក្រែន បានថែមទាំងចោទប្រកាន់ថា រដ្ឋាភិបាលទីក្រុងមូស្គូឯណោះទៅវិញទេ ដែលជាអ្នករៀបចំឈុតឆាកនេះឡើង ក្នុងគោលបំណងធ្វើឲ្យសង្គ្រាមនេះ កាន់តែមានភាពតានតឹងឡើងខ្លាំងជាងនេះ ៕
ប្រែសម្រួល៖ ស៊ុន លី
