ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ​ថ្កោលទោស​ទណ្ឌកម្ម​អាមេរិក ​ដែល​បង្ក​បញ្ហា​ដល់បរិស្ថាន និង​សុខភាព

តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំ អង្គការសហប្រជាជាតិ បានស្តីបន្ទោសការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិកថា បានបង្កផលប៉ះពាល់អវិជ្ជមាន ដល់បរិស្ថានរបស់ប្រទេសអ៊ីរ៉ង់ ដែលប៉ះពាល់ដល់អាយុជីវិត និងសុខុមាលភាពរបស់ប្រជាជនអ៊ីរ៉ង់។

របាយការណ៍បានឲ្យដឹងថា លោក Amir Saeid Iravani បានធ្វើការកត់សម្គាល់នៅក្នុងលិខិតមួយ ទៅកាន់អគ្គលេខាធិការ អង្គការសហប្រជាជាតិលោក Antonio Guterres និងប្រធានមហាសន្និបាត អង្គការសហប្រជាជាតិ Csaba Korosi ។

នៅក្នុងដែរអ្នកការទូតអ៊ីរ៉ង់ បានជំរុញឱ្យសហរដ្ឋអាមេរិកដកទណ្ឌកម្ម “ខុសច្បាប់” ទាំងអស់របស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ ដែលផ្ទុយនឹងច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

លោក Iravani បានលើកឡើថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ បានធ្វើឱ្យបញ្ហាបរិស្ថានរបស់ ប្រទេសកាន់តែធ្ងន់ធ្ងរឡើង ដែលបង្កហានិភ័យដល់សុខភាពរបស់ពលរដ្ឋអ៊ីរ៉ង់។

លោកបានលើកឡើងថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក បាននឹងកំពុងរារាំងការវិនិយោគបរទេស នៅក្នុងគម្រោងបរិស្ថានរបស់អ៊ីរ៉ង់ រារាំងប្រទេសក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើប នៅក្នុងតំបន់ និងបង្អត់អ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់ ក្នុងការចូលរួមក្នុងគម្រោងស្រាវជ្រាវ បរិស្ថានរួមគ្នានៅបរទេស។

បេសកជនអ៊ីរ៉ង់រូបនេះ បានបន្ថែមថា វិធានការបង្ខិតបង្ខំរបស់សហរដ្ឋអាមេរិក មានផលប៉ះពាល់ “បំផ្លិចបំផ្លាញ” ដោយបដិសេធការចូលប្រើប្រាស់ថាមពលស្អាតរបស់អ៊ីរ៉ង់ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ រារាំងការអនុវត្តគម្រោងបរិស្ថាន និងធ្វើឱ្យប៉ះពាល់ដល់សុខភាព និងសុខុមាលភាពរបស់ប្រជាជនអ៊ីរ៉ង់ ។

អ៊ីរ៉ង់​បាន​ស្ថិត​នៅ​ក្រោម​ការ​ដាក់​ទណ្ឌកម្ម ​របស់​សហរដ្ឋ​អាមេរិក​អស់​រយៈពេល ៤​ទសវត្សរ៍​មក​ហើយ។ ការដាក់ទណ្ឌកម្មកាន់តែខ្លាំងឡើង បន្ទាប់ពីការដកខ្លួនជាឯកតោភាគី របស់សហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ក្នុងខែឧសភា ឆ្នាំ២០១៨ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top