ម៉ិកស៊ីកូ៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានជំរុញឱ្យអ្នកធ្វើសេចក្តីសម្រេចចិត្ត របស់សហរដ្ឋអាមេរិក អនុម័តគោលនយោបាយ ប្រកបដោយប្រសិទ្ធភាព ដើម្បីបញ្ឈប់អំពើហិង្សាដោយកាំភ្លើង នៅលើភាគីទាំងពីរ នៃព្រំដែនអាមេរិក និងម៉ិកស៊ិក។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោក លោក Lopez Obrador បានអំពាវនាវជាពិសេសដល់អភិបាលរដ្ឋតិចសាស់ លោក Greg Abbott និងអភិបាលរដ្ឋ Florida លោក Ron DeSantis ឱ្យបន្តការគ្រប់គ្រងកាំភ្លើង និងការជួញដូរអាវុធឆ្លងកាត់ព្រំដែន។
លោក Lopez Obrador បានប្រាប់អ្នកយកព័ត៌មាននៅឯវិមានជាតិក្នុងទីក្រុងម៉ិកស៊ិកថា “នោះគឺជាគំនិតផ្តួចផ្តើមដ៏ល្អមួយ ដើម្បីទប់ស្កាត់អំពើឃាតកម្មដ៏អកុសលទាំងនេះ ការបាញ់ប្រហារទាំងនេះ ដែលកើតឡើងឥតឈប់ឈរ” នៅក្នុងសហរដ្ឋអាមេរិក។
លោកបានសួរតាមវោហាសាស្ត្រ ដោយបន្ថែមថា នោះជាកត្តាមួយដែលនៅពីក្រោយបញ្ហា “ហេតុអ្វីបានជាពួកគេមិនចូលរួមក្នុងរឿងនោះ ហើយឈប់ទទួលយកលុយពីក្រុមហ៊ុនផលិតអាវុធ ពីឧស្សាហកម្មសង្រ្គាម សម្រាប់យុទ្ធនាការរបស់ពួកគេ?” ។
លោកបានលើកឡើងថា អ្នកនយោបាយមួយចំនួននៅក្នុងសហរដ្ឋអាមេរិក “មិននិយាយអ្វីទេ” អំពីការលក់អាវុធដែលធូររលុង ខណៈដែលពួកគេទទួលបានប្រាក់ពីក្រុមហ៊ុនផលិតអាវុធដើម្បីផ្តល់ហិរញ្ញប្បទានដល់យុទ្ធនាការបោះឆ្នោតឡើងវិញរបស់ពួកគេ។
រដ្ឋាភិបាលម៉ិកស៊ិក បានដាក់ពាក្យបណ្តឹងនៅសហរដ្ឋអាមេរិកប្រឆាំងនឹងក្រុមហ៊ុនផលិត និងអ្នកចែកចាយសព្វាវុធនៅទីនោះ ដោយចោទប្រកាន់ពួកគេពីបទធ្វេសប្រហែសក្នុងការធ្វើអាជីវកម្ម ដែលជំរុញឱ្យមានអំពើហិង្សាដោយកាំភ្លើងនៅក្នុងប្រទេសម៉ិកស៊ិក។
អាជ្ញាធរម៉ិកស៊ិក បានប៉ាន់ប្រមាណថា អាវុធយ៉ាងតិចកន្លះលានបានហូរដោយខុសច្បាប់ពីសហរដ្ឋអាមេរិកទៅកាន់ក្រុមឧក្រិដ្ឋជននៅក្នុងប្រទេសម៉ិកស៊ិក ជារៀងរាល់ឆ្នាំ៕
ប្រែសម្រួល ឈូក បូរ៉ា